ទឹកជំនន់ និងការបាក់ដីនៅឥណ្ឌូនេស៊ី ២៦នាក់ស្លាប់ ១១នាក់បាត់ខ្លួន

ហ្សាការតា៖ ក្រុមមន្រ្តី ក្នុងថ្ងៃចន្ទនេះ រាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តសូម៉ាត្រា ភាគខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់ ២៦នាក់ហើយ ខណៈដែលមនុស្ស ១១នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី លោក Abdul Muhari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃចន្ទនេះថា មនុស្ស១១នាក់នៅតែបន្តបាត់ខ្លួន ស្របពេលដែលជនរងគ្រោះចំនួន ២៦នាក់ផ្សេងទៀតបានបាត់បង់ជីវិត។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបាននាំមកនូវទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រា ភាគខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ដោយបង្ខំឱ្យមានការជម្លៀសមនុស្សប្រមាណជាង ៧៥,០០០នាក់។

បើតាមលោក Abdul Muhari អ្នកដែលត្រូវបានជម្លៀសបានប្រមូលផ្តុំគ្នានៅក្នុងវិហារអ៊ីស្លាមដែលនៅជិតបំផុត ប៉ុន្តែមិនមានជម្រកបណ្តោះអាសន្នណាមួយត្រូវបានបង្កើតឡើងនោះទេ។ ជនរងគ្រោះបានទទួលអាហារ ទឹក និងថ្នាំពេទ្យ ហើយមានអ្នកខ្លះទៀតបានត្រឡប់ទៅផ្ទះវិញ។

គ្រោះមហន្តរាយចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្នុងទីរួមខេត្ត Padang និងតំបន់ចំនួន៨ផ្សេងទៀត បានបំផ្លាញផ្ទះជិត ៧០០ខ្នង ស្ពាន និងសាលារៀនជាច្រើន និងដីស្រែចំនួន ១១៣ហិកតាបានរងការបំផ្លិចបំផ្លាញ។ ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារមនុស្សរាប់លាននាក់រស់នៅក្បែរតំបន់ទំនាបទឹកជំនន់ ជាពិសេសក្នុងរដូវវស្សា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner