មេដឹកនាំហាម៉ាស់ប្រកាសថា នៅតែបើកចំហរ ចំពោះកិច្ចចរចាលើបទឈប់បាញ់នៅហ្គាហ្សា

ប៉ាឡេស្ទីន៖ មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នៅថ្ងៃអាទិត្យនិយាយថា ភាគីប៉ាឡេស្ទីននៅតែបើកចំហ ចំពោះការចរចាជាមួយអ៊ីស្រាអែល បន្ទាប់ពីអ្នកសម្រុះសម្រួលបានបរាជ័យ ដើម្បីឈានដល់បទឈប់បាញ់ខែរ៉ាម៉ាដន នៅក្នុងសង្គ្រាមហ្គាហ្សា។

លោក Haniyeh បាននិយាយនៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា ខ្ញុំសូមអះអាងយ៉ាងច្បាស់ថា អ្នកគួរតែស្តីបន្ទោស ចំពោះការបរាជ័យឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា គឺអ៊ីស្រាអែល… តែទោះបីជាយ៉ាងណា យើងនៅតែបើកចំហរ ក្នុងការបន្តកិច្ចចរចានេះ។ លោក Haniyeh បន្ថែមថា អ៊ីស្រាអែលមិនមានឆន្ទៈក្នុងការបំពេញតាមលក្ខខណ្ឌរបស់ហាម៉ាស់ សម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលពួកសកម្មប្រយុទ្ធបានចាប់ខ្លួន ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។

មេដឹកនាំហាម៉ាស់ដែលកំពុងនិរទេសខ្លួននៅប្រទេសកាតារូបនេះ បានរំលឹកឡើងវិញថា ក្រុមខ្លួនចង់បានបទឈប់បាញ់យូរអង្វែង, ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា, ការវិលត្រឡប់របស់ជនភៀសខ្លួនហ្គាហ្សាមកកាន់ផ្ទះរបស់ពួកគេវិញ និងបង្កើនលទ្ធភាពទទួលបានជំនួយមនុស្សធម៌នៅតំបន់រងគ្រោះទុរ្ភិក្ស។

ចំណែកខាងភាគីអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានចោទប្រកាន់ក្រុមហាម៉ាស់ថា ហាក់មិនចាប់អារម្មណ៍កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយកំពុងព្យាយាមធ្វើឱ្យតំបន់ហ្គាហ្សារងគ្រោះខ្លាំង ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដន។ បន្ថែមលើនេះ អ៊ីស្រាអែលក៏បានច្រានចោលការដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីហ្គាហ្សា ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាបន្តយុទ្ធនាការរបស់គាត់ ដើម្បីកម្ទេចក្រុមហាម៉ាស់ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយក៏ដោយ។

សង្គ្រាមនៅតំបន់ហ្គាហ្សា បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ពួកហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើតាមសារព័ត៌មាន AFP ដកស្រង់តួលេខផ្លូវការរបស់អ៊ីស្រាអែល។ ពួកសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ ដែលរាប់សិបនាក់ត្រូវបានដោះលែង ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។

ប៉ុន្តែអ៊ីស្រាអែលជឿជាក់ថា ចំណាប់ខ្មាំង ៩៩នាក់នៅរស់ ហើយ ៣១នាក់បានស្លាប់។ រីឯយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner