SpaceX គ្រោងបាញ់សាកល្បងរ៉ុក្តែតធំបំផុតលើពិភពលោកជាលើកទី៣
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានប្រកាសថ្មីៗនេះថា ខ្លួនគ្រោងយកថ្ងៃទី១៤ ខែមីនានេះ ជាកាលបរិច្ឆេទ ដើម្បីបាញ់បង្ហោះសាកល្បងរ៉ុក្កែត Starship ធំបំផុតលើពិភពលោករបស់ខ្លួន ជាមួយក្តីសង្ឃឹមថា ថ្ងៃណាមួយ ខ្លួននឹងអាចធ្វើអាណានិគមនៅភពអង្គារ។
ក្រុមហ៊ុន SpaceX បានបង្ហោះនៅលើបណ្តាញសង្គម X ថា ការធ្វើតេស្តបាញ់បង្ហោះជាលើកទី៣ របស់រ៉ុក្តែត Starship អាចនឹងចាប់ផ្តើមភ្លាមៗនៅថ្ងៃទី១៤ ខែមីនាខាងមុខ ដោយរង់ចាំតែការអនុម័តផ្នែកច្បាប់ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ SpaceX ក៏បានបញ្ជាក់ដែរថា រ៉ុក្កែតយក្សដែលគ្រោងនឹងបាញ់បង្ហោះចេញពីទីក្រុង Boca Chica រដ្ឋតិចសាស់ នឹងធ្លាក់ចុះមកវិញទៅក្នុងមហាសមុទ្រឥណ្ឌា។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំមុន SpaceX បានធ្វើតេស្តបាញ់បង្ហោះរ៉ុក្តែត Starship ជាលើកទី២ ដែលជាប្រភេទរ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែទោះយ៉ាងណា ការបង្ហោះលើកនោះ មិនទទួលបានជោគជ័យទេ ដោយ Starship ត្រូវបានផ្ទុះចេញពីគ្នា បន្ទាប់ពីបាញ់បង្ហោះបានកម្ពស់ ១៤៨គីឡូម៉ែត្រពីដី ក្នុងបេសកកម្មសាកល្បងរយៈពេល ៩០នាទី។
នេះគឺជាលើកទី២ ក្នុងឆ្នាំ២០២៣ ដែលក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុក្កែត Starship របស់ខ្លួន ហើយទទួលការបរាជ័យទាំងពីរលើក។ ការបង្ហោះលើកទី១ ធ្វើឡើងក្នុងអំឡុងខែមេសា នឹងជាកំណត់ត្រាដំបូងរបស់ Starship ដែលអាចហោះហើរលើមេឃបានកម្ពស់ជាង ៣០គីឡូម៉ែត្រពីដី ទើបជូបបញ្ហាបណ្តាឱ្យផ្ទុះ ក្រោយបង្ហោះបានប្រហែល ៤នាទី។
គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX មានផែនការប្រើយានអវកាស Starship នេះដើម្បីបញ្ជូនមនុស្ស និងទំនិញទៅកាន់ភពព្រះចន្ទ ក៏ដូចជាភពព្រះអង្គារ។ ទីភ្នាក់ងារអវកាសអាមេរិក NASA បានកក់យានអវកាស Starship នេះ ទុកសម្រាប់ដឹកក្រុមអ្នកទៅភពព្រះចន្ទរបស់ខ្លួន ហើយអ្នកទេសចរមានទ្រព្យធនក៏បានកក់ទុកការហោះហើរទៅកាន់ភពព្រះចន្ទរួចហើយដែរ៕ ប្រភព៖ AFP និង AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

