សម្តេចធិបតីបង្ហាញសាជាថ្មីនូវផលប្រយោជន៍ «ព្រែកជីកហ្វូណនតេជោ» (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បង្ហាញនូវអនាគតផលប្រយោជន៍ នៃ «ព្រែកជីកហ្វូណនតេជោ» គ្រាដែលការដ្ឋានចាប់ផ្តើមសាងសង់សំណង់ផ្លូវទឹក ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវចាប់ផ្តើមនាពាក់កណ្តាលឆ្នាំ២០២៤នេះហើយ។

សំណង់ «ព្រែកជីកហ្វូណនតេជោ» តម្លៃ ១ពាន់ ៧០០លានដុល្លារ នៃគម្រោងកិច្ចសន្យា BOT គ្រោងនឹងបើកការរដ្ឋានសាងសង់ក្នុងកំឡុងខែមិថុនា ឬខែកក្កដាឆ្នាំ២០២៤នេះហើយ ដែលគំរោងនេះនឹងជួយបំរើជីវភាពដល់ប្រជាជនសរុប ១លាន ៦សែននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកនេះ។

ថ្លែងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពសំណង់ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១២មីនានេះ សម្តេចធិបតីបានលើកបង្ហាញនូវផលប្រយោជន៍របស់ «ព្រែកជីកហ្វូណនតេជោ» និងបកស្រាយបំភ្លឺនូវសម្តីចោទប្រកាន់ របស់ការផ្សាយវិទ្យុមួយ ដែលតែងផ្សាយព័ត៌មានមិនពិតអំពីកម្ពុជា។

គំរោងព្រែកជីកហ្វូណនតេជោ ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើងនូវការបារម្ភ របស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងលំហូរទឹកសមុទ្ទចូលក្នុងទន្លេមេគង្គ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូឆ្នាំ២០២៣, សម្តេចធិបតីបានប្រាប់មេដឹកនាំវៀតណាមវិញថា គំរោងព្រែកជីកហ្វូណនតេជោ មិនបង្កឱ្យផលប៉ះពាល់ជាអវិជ្ជមានដល់ លំហូរទឹកទន្លេមេគង្គឡើយ។ ផ្ទុយទៅវិញគម្រោងនេះ នឹងរក្សាបាននូវស្ថិរភាពបរិស្ថាន និងជម្រកធម្មជាតិផងទៀត។

គម្រោងព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ads banner