កម្លាំងកងរាជអាវុធហត្ថ ២៥០នាក់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ (Video Inside)
កម្លាំងកងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់នៅថ្ងៃទី១២មីនានេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
អ្នកនាំពាក្យកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ អេង ហ៊ី បានថ្លែងថា ការបញ្ជូនកម្លាំងនៅថ្ងៃទី១២មីនានេះ គឺតបតាមការស្នើរបស់អាជ្ញាធរមូលដ្ឋាន ដែលបានរាយការណ៍ជុំវិញករណីបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ មិនមានសេចក្តីរាយការណ៍ថា តើក្រុមដែលបង្កបទល្មើសនោះ គឺជាក្រុមណាឬមានអត្តសញ្ញាណមកពីណាឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បទល្មើសធនធានធម្មជាតិនោះ បានកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ រដ្ឋបាលខេត្តបានថ្លែងថា កន្លងមកនៅក្នុងតំបន់ទាំង២កន្លែងនោះ គេធ្លាប់បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត និងបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជាច្រើនលើករួចមកហើយ។
សេចក្តីជូនដំណឹងដដែលចុះថ្ងៃទី១២មីនាបានសរសេរថា «ដើម្បីការទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិកើតមានសាជាថ្មី និងធានាឱ្យបាននូវការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិជាតិ ដោយកម្រ…គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សួមប្រគល់ភារកិច្ចការងារ ពាក់ព័ន្ធនឹងការចុះបង្ក្រាប, ការពារថែរក្សាធនធានធម្មជាតិ ជូនទៅកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ…» នៅក្នុងមូលដ្ឋាន នៃដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការ នៅក្នុងតំបន់នីមួយៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយប្រធានអនុគណៈកម្មការទាំង១០ក្រុម។