សមត្ថកិច្ចឃាត់ខ្លួនលោកស្រីឧកញ៉ា ឡេង ចាន់ណា (Video Inside)

អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលលោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ យោងតាមដីកាតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ការឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា និងបក្ខពួកបានជាប់ពាក់ព័ន្ធនឹង «បទលើ្មសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋចោទថា បានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានត្អូញត្អែរការចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះបានខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគ ប៉ុន្តែទីបំផុតការរកស៊ីរបស់ឧកញ៉ារូបនោះ ត្រូវគេរាយការណ៍ថា គឺជាអំពើបោកប្រាស់តែប៉ុណ្ណោះ។

តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងថា ការឃាត់ខ្លួនលោកស្រី ឡេង ចាន់ណា គឺផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យប្តឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប។

លោកស្រីឧកញ៉ារូបនោះ ត្រូវគេរាយការណ៍ថា ធ្លាប់បានយកឈ្មោះសម្តេចធិបតីនាយករដ្ឋមន្ត្រីអះអាងថាជាខ្នងរកស៊ីថែមទៀត ដែលទង្វើនោះ ត្រូវបានខុទ្ទកាល័យសម្តេចធិបតី បានចេញសេចក្តីថ្លែងការណ៍បដិសេធ។

ads banner