ម្ចាស់ផលិតកម្ម Town Entertainment សារភាពកំហុសបង្ហោះបទចម្រៀង Team ទឹកត្នោតជូរ (Video Inside)
ផលិតកម្ម Town Entertainment បានធ្វើលិខិតសារភាពទទួលស្គាល់ការ «ខ្វះស្មារតីប្រុងប្រយ័ត្ន នៃក្រុមការងារបច្ចេកទេស IT ដែលធ្វេសប្រហែស» ចំពោះការបង្ហោះបទចម្រៀង Team ទឹកត្នោតជួរ ច្រៀងដោយលោក ម៉ៅ ហាជី។
បទចម្រៀងច្រៀងដោយតារាចម្រៀង ម៉ៅ ហាជី នោះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ដោយសារបានប្រើទំនុកព្រះរាជនិពន្ធ នៃបទ «ផែនដីខ្មែរប្រែថាសុវណ្ណភូមិ» ដែលជាបទបង្ហាញនូវភាពខ្ពង់ខ្ពស់ នៃអារ្យធម៌ និងមោទនភាពខ្មែរ ធ្វើជាបទចម្រៀងដែលបំរើនូវភាពភ្លើតភ្លើន នៃគ្រឿងស្រវឹងនោះទៅវិញ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យ «ផលិតកម្ម Town Entertainment ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទចម្រៀង Team ទឹកត្នោតជូរ…ព្រមទាំងត្រូវធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសដែលបានកើតឡើងនេះ»។
ម្ចាស់ផលិតកម្ម Town Entertainment បានសារភាពក្នុងលិខិតមួយចុះថ្ងៃទី១០មីនា ទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ទទួលស្គាល់ថា «ការផ្សព្វផ្សាយនេះ ជាការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងជាពិសេសប៉ះពាល់ធ្ងន់ធ្ងរ លើទំនុកនិពន្ធរបស់បទភ្លេង ដែលមានតម្លៃសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ»។
លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកា ផលិតកម្ម Town Entertainment បានសរសេរសម្តែងការសោកស្តាយ និងបាន «សន្យាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចេញបទភ្លេងចម្រៀងដែលមានតម្លៃសម្រាប់ជាតិនិងប្រជាជនខ្មែរ»។
ម្ចាស់ផលិតកម្ម Town Entertainment បានសរសេរថា «បទចម្រៀងនោះ បានលុបចោលរួចរាល់ហើយ ប៉ុន្តែមានជនឆ្លៀតឱកាសយកបទចម្រៀងដែលបាន Post នោះទៅកាត់តដាក់បញ្ចូលបន្ថែមឃ្លោងឃ្លា ហើយបង្ហោះដើម្បីទាក់ទាញបង្ហោះប្រជាប្រីយ៍ភាព ដើម្បីផ្សព្វផ្សាយបន្ត»។