ឆ្នាំ២០២៣ កម្ពុជាបណ្តេញជនបរទេសចំនួន ២,១៥៩នាក់ (Video Inside)

ជនបរទេសចំនួន ២ពាន់ ១៥៩នាក់ ដែលប្រព្រឹត្តអំពើល្មើសច្បាប់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ថ្ងៃទី១១ មីនា ឆ្នាំ ២០២៤, ជនបរទេសទាំងជាង ២ពាន់នាក់នោះ រួមមាន ៣៩សញ្ជាតិ ក្នុងនោះរួមមានជនជាតិចិនច្រើនជាងគេ ចំនួន ១ពាន់ ១១នាក់, ឥណ្ឌូនេស៊ី ២៦៧នាក់, វៀតណាម ៥០៧នាក់, ថៃ ៦០នាក់, ឥណ្ឌា ៧៧នាក់, ជប៉ុន ៥៣នាក់, នីហ្សេរីយ៉ា ៣៣នាក់, ម៉ាឡេស៊ី ៣២នាក់, ចិនតៃវ៉ាន់ ២៤នាក់, កូរ៉េខាងត្បូង ២០នាក់, ហ្វីលីពីន ១៦នាក់, អាមេរិក ១៤នាក់, អង់គ្លេស ១៤នាក់ និងមាន ២៦សញ្ជាតិ ទៀតដែលមានមនុស្សពី ១ ដល់ ៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា។

បើគិតចាប់តាំងពីឆ្នាំ២០១៤ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ជនបរទេសដែលប្រព្រឹត្តអំពើខុសច្បាប់ និងត្រូវបានបណ្តេញចេញពីកម្ពុជា មានចំនួន ២ម៉ឺន ៧ពាន់ ៧៣៨នាក់ ដែលមានសរុប ១០៧សញ្ជាតិ។

ចំណែកជនបរទេសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសវិញ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ មានសរុបចំនួន ២ពាន់ ២៤៦នាក់ រួមមានស្រី ២៥១នាក់ ដែលរួមមាន ៤៦សញ្ជាតិ។ ជនបរទេសដែលជាប់ឃុំក្នុងពន្ធនាគារកម្ពុជា រួមមាន ជនជាតិវៀតណាម ៩៤៩នាក់, ចិន ៧៩៦នាក់, ថៃ ១២៧នាក់, ចិនតៃវ៉ាន់ ៦៩នាក់ និងជនជាតិនីហ្សេរីយ៉ា ៥៧នាក់៕

ads banner