ម៉ារ៉ុកផ្តល់ជំនួយ ៤០តោនទៅហ្គាហ្សា ឆ្លងកាត់អ៊ីស្រាអែល

បរទេស៖ ប្រទេសម៉ារ៉ុក បានបញ្ជូនជំនួយមនុស្សធម៌ ចំនួន ៤០តោន សម្រាប់តំបន់ហ្គាហ្សា តាមរយៈអាកាសយានដ្ឋានរបស់អ៊ីស្រាអែល ដែលជាវិធីសាស្ត្រផ្តល់ជំនួយថ្មីមួយ សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។

ការធ្វើពិពិធកម្មផ្តល់ជំនួយជាស្បៀងអាហារ ទៅក្នុងទឹកដីហ្គាហ្សាដែលរងគ្រោះពីសង្គ្រាម បែបនេះ ត្រូវបានបញ្ជូនទៅដល់អាកាសយានដ្ឋាន Ben Gurion នៅជិតទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ហើយត្រូវបានបន្តផ្ទេរ ទៅអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន នៅឯច្រក Kerem Shalom ភ្ជាប់រវាងអ៊ីស្រាអែល និងហ្គាហ្សា។

ក្រសួងការបរទេសម៉ារ៉ុកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ារ៉ុកគឺជាប្រទេសដំបូងគេដែលដឹកជញ្ជូនជំនួយមនុស្សធម៌របស់ខ្លួន តាមរយៈផ្លូវគោកបែបនេះ ដែលមិនធ្លាប់មានពីមុនមក។

តាំងពីសង្រ្គាម ចាប់ផ្តើម នៅថ្ងៃទី ៧ ខែតុលាមក រថយន្តជំនួយ ជាទូទៅ បានចូល ទៅក្នុង Gaza Strip តាមរយៈច្រកតានតឹង នៅអេហ្ស៊ីប។ ក្រៅពីនេះ ក៏មានការទម្លាក់ជំនួយ តាមយន្តហោះរបស់អាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត ព្រមទាំង ទើបតែមានការដឹកជញ្ជូនជំនួយ តាមនាវាពីប្លុកអឺរ៉ុប ទៀតផង នាពេលថ្មីៗនេះ។

ជាមួយគ្នានេះ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានសាងសង់កំពង់ផែបណ្តោះអាសន្ន នៅលើឆ្នេរសមុទ្រហ្គាហ្សាសម្រាប់ការផ្តល់ជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីន។

គិតត្រឹមព្រឹកថ្ងៃពុធនេះ មានមនុស្ស ៣១១៨៤នាក់បានស្លាប់ នៅហ្គាហ្សា ដោយសារតែវាយប្រហារសងសឹករបស់អ៊ីស្រាអែល លើពួកហាម៉ាស់ ភាគច្រើន គឺជាស្ត្រី និងកុមារ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយហាម៉ាស់។ ពួកហាម៉ាស់ប៉ាឡេស្ទីន ដែលបានវាយឆ្មក់ភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ស្លាប់មនុស្ស ជាង១ពាន់នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner