រដ្ឋមន្ត្រីសុខាភិបាល៖ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើប
កណ្ដាល៖ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ឯកឧត្តម ឈាង រ៉ា បានថ្លែងថា មន្ទីរពេទ្យតេជោសែនកោះធំ រយៈពេលសាងសង់ ១៨ខែ ១៣ថ្ងៃ (ថ្ងៃទី០៧ខែមករាឆ្នាំ២០២២ ដល់ ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣) ចំណាយថវិកាសាងសង់ និង បំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លា ។ មន្ទីរពេទ្យតេជោសែនកោះធំមានឈ្មោះដើមមន្ទីរពេទ្យបង្អែកកោះធំ ដែលមានប្រវត្តិដូចតទៅ ៖ មន្ទីរពេទ្យស្រុកកោះធំ ចាប់ផ្តើមដំណើរការក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលបានផ្តល់សេវាដូចជាពិគ្រោះ និងព្យាបាលជំងឺ ទូទៅ ជំងឺកុមារ ជំងឺសម្ភព រោគស្ត្រី ជំងឺវះភ្លាត់ ជំងឺរបេងជាដើម ។
នៅឆ្នាំ១៩៩៧ មន្ទីរពេទ្យបានដូរឈ្មោះពីមន្ទីរពេទ្យស្រុកកោះធំមក ជាមន្ទីរពេទ្យបង្អែកកោះធំ ។ មន្ទីរពេទ្យបក្សកោះធំ ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កំរិត២ ដែលមានសេវាដូចជា ពិគ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាម និង ជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ កុមារ សម្ភព-រោគស្ត្រី ជំងឺរបេង ព្រមទាំងព្យាបាលជំងឺឆ្លង។ ជាក់ស្តែងនៅឆ្នាំ២០២១ នៅពេលដែលមានផ្ទុះជំងឺឆ្លងជាសកល (កូវីត១៩) មន្ទីរពេទ្យនេះមានភារកិច្ច ចូលរួមយ៉ាងសកម្ម ក្នុងការព្យាបាលជំងឺកូវីត១៩ ។
កាលពីចុងឆ្នាំ២០២១ ដោយពិនិត្យឃើញថា មន្ទីរពេទ្យមានសភាពទ្រុឌទ្រោម តូចចង្អៀតពិបាកក្នុងការផ្តល់សេវា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ) រួមជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល(អតីតអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ) បានរួមគ្នាផ្តួចផ្តើមកសាងមន្ទីរ ពេទ្យបង្អែក កោះធំ សាជាថ្មី ដោយសុំប្រសិទ្ធនាមឈ្មោះ ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា ដាក់ឈ្មោះថា មន្ទីរពេទ្យតេជោសែនកោះធំ ។
មន្ទីរពេទ្យថ្មីនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដែលសម ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី កម្ពុជា ដែលលោកបានគិតគូរ យកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ។
មន្ទីរពេទ្យមានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ។ មន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស។ មន្ទីរពេទ្យមានសមត្ថភាពបម្រើសេវាពិគ្រោះជំងឺ ក្រៅ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ ក្នុងនោះរួមមានជាអាទិ៍៖ សេវាពិគ្រោះជំងឺក្រៅ មនុស្សចាស់ កុមារ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺវះកាត់ ជំងឺធ្មេញ វាស់ភ្នែក ត្រចៀក-ច្រមុះ-បំពង់ក ពិនិត្យផ្ទៃពោះ រោគស្ត្រី និងសេវាជំងឺអេដស៍, សេវាសង្គ្រោះបន្ទាន់ មាន ១៥គ្រែ និងសេវាសង្គ្រោះកម្រិតធ្ងន់ ៩គ្រែ សរុប ២៤គ្រែ ព្រមទាំងសេវាលាងឈាម, សេវាជំងឺទូទៅ ជំងឺឆ្លង ជំងឺសួត ដែលមានគ្រែសរុប ៤៦គ្រែ, សេវាវះកាត់ មាន ១៦គ្រែ និងមានលទ្ធភាពផ្តល់សេវាវះកាត់ទូទៅ របួស និងបាក់បែក, សេវាសម្ភព និងរោគស្ត្រី មាន ៤០គ្រែ និងមានលទ្ធភាពផ្តល់សេវាសម្រាលដោយវិធីវះកាត់ និងការវះកាត់ស្បូន, សេវាជំងឺកុមារ និងទារកទើបនឹងកើត, សេវាមន្ទីរពិសោធន៍មានលទ្ធភាពវិភាគផ្នែកជីវៈគីមីសាស្ត្រ សេរ៉ូឡូស៊ី ឈាម អីយ៉ូណូក្រាម ប៉ារ៉ា- ស៊ីតសាស្ត្រ និងតេស្តមួយចំនួនផ្សេងទៀត, សេវារូបភាពវេជ្ជសាស្ត្រ រួមមាន អេកូបេះដូង អេកូធម្មតា ថតកាំរស្មីអ៊ុក និង CT-scan 16 ស្លាយ, សេវាបញ្ជូនជំងឺ ដោយមានរថយន្តគិលានសង្គ្រោះចំនួន ៤ គ្រឿង – ផ្នែកឱសថស្ថាន មានឃ្លាំងឱសថ និងឱសថស្ថានសម្រាប់អ្នកជំងឺបើកឱសថ ។
មន្ដ្រីរាជការសរុបមានចំនួន ៩៥នាក់ ក្នុងនោះមានមន្ត្រីក្របខ័ណ្ឌចំនួន ៧២នាក់ និងមន្ត្រីកិច្ចសន្យា-មន្ត្រីជួលចំនួន ២៣នាក់។ មន្ត្រីក្របខណ្ឌទាំង ៧២នាក់ សុទ្ធតែជាបុគ្គលិកបច្ចេកទេសជំនាញ ដែលមាន៖ វេជ្ជបណ្ឌិតឯកទេស ២នាក់ វេជ្ជបណ្ឌិត ១៦នាក់ ឱសថការី ២នាក់ ទន្តបណ្ឌិត ២នាក់ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ៦នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក ២នាក់ គិលានុបដ្ឋាកមធ្យម ១៧នាក់ គិលានុបដ្ឋាកបឋម ៦នាក់ អ្នកបច្ចេកទេសព្យាបាលដោយចលនា ១នាក់ បរិញ្ញាបត្រឆ្មប ១នាក់ ឆ្មបមធ្យម ១៤នាក់ ឆ្មបបឋម ២នាក់ និងជំនាញគណនេយ្យ រដ្ឋបាល ១នាក់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ , ង៉ាន់ទិត្យ







