សាលាបឋមសិក្សាចំនួន ៥០ នឹងត្រូវជ្រើសរើសជំហានដំបូង លើកម្មវិធីក្រៅម៉ោងសិក្សា

ភ្នំពេញ៖ សាលាបឋមសិក្សាចំនួន ៥០ នឹងត្រូវជ្រើសរើសជំហានដំបូងលើកម្មវិធីក្រៅម៉ោងសិក្សាដោយ ផ្តោតលើវិន័យ សីលធម៌ ចរិយាធម៌ និងការងារស្ម័គ្រចិត្តសហគមន៍ ។ នេះជាការលើកឡើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីវិធានគន្លឹះទី២ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលបានដាក់ចេញពាក់ព័ន្ធនឹងការកែទម្រង់វិស័យអប់រំ។ ចំពោះកិច្ចការងារនេះ គឺរាជរដ្ឋាភិបាលបានសម្រេចបង្កើត គណៈកម្មការជាតិ ជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងអប់រំ កំណែទម្រង់វិស័យអប់រំ និងលេខាធិការដ្ឋានគណៈកម្មការកែទម្រង់វិស័យអប់រំ ។

សម្ដេចធិបតី បានមានប្រសាសន៍ថា សាលាបឋមសិក្សាចំនួន ៥០ នៅរាជធានី-ខេត្តចំនួន ៩ កំពុងត្រូវបានជ្រើសរើស សម្រាប់ការអនុវត្តជំហានដំបូង ដោយផ្ដោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែម ដែលរួមមាន៖ វិន័យ, សីលធម៌, ចរិយាធម៌, ការងារស្ម័គ្រចិត្តសហគមន៍, ការចូលរួមពីសហគមន៍ និងវត្តអារាម។

សម្ដេចនាយករដ្ឋមន្ត្រី បន្តថា ការជ្រើសរើសមូលដ្ឋាន ដែលចាប់ផ្ដើមពីបឋមសិក្សានេះ គឺស្ថិតនៅក្នុងគោលដៅ និងក្នុងផែនការនៃការពង្រឹងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ ដែលជាមូលដ្ឋាន ប៉ុន្តែយើងដោយសារទំហំធំជាង ១ម៉ឺនសាលា យើងចាប់ផ្ដើមពីកម្រិតដែលជាមូលដ្ឋានគ្រឹះ គឺបឋមសិក្សាតែម្ដង ដែលយើងចាប់ផ្ដើមអនុវត្តគម្រោង ជំហានដំបូងចំនួន ៥០បឋមសិក្សា ៕


ដោយៈ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner