ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងសម្ភារសម្រាប់កាច់សោ-កម៉ូតូមួយចំនួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលកំពុងការយាមល្បាតក្នុងភូមិសាស្ត្រ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឮសម្លេងស្រែកថាចោរៗ និងធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញដែកចុងស្រួចសម្រាប់កាច់សោម៉ូតូចំនួន០៣ សោខ្សៀចំនួន០១ និងដែកលួសសម្រាប់ឆ្កឹះសោចំនួន០១ ស្ថិតនៅត្រង់ចំណុចក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
នគរបាលខណ្ឌឫស្សីកែវបញ្ជាក់ថា ជនសង្ស័យជាប់ពាក់ព័ន្ធធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ ដែលឃាត់ខ្លួនបានមានឈ្មោះ ឡេង សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន បន្ទាប់ពីធ្វើការសាកសួរប៉ុន្មានម៉ោងក្រោយមក និងពិនិត្យទឹកនោម ទៅតាមជំនាញ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពប៉ុនប៉ងលួចម៉ូតូ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយៈ ហាស់ កំសាន្ដ