ប្រធានផ្នែកពុទិ្ធកមធ្យមសិក្សាមានថេរដីកាថា ពុទិ្ធកសិក្សា ជាគ្រឹះស្ថានអប់រំ ដ៏មានសក្តានុភាព សម្រាប់បណ្តុះបណ្តាលធនធានពុទ្ធសាសនិកខ្មែរ ឲ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយ រហូតបានជាបណ្ឌិត បញ្ញវន្ត សាស្រ្តាចារ្យ ប្រកបដោយគុណភាព ដែលប្រសូត្រចេញពីសង្គមសង្ឃពុទ្ធសាសនា
ប្រធានផ្នែកពុទិ្ធកមធ្យមសិក្សាមានថេរដីកាថា ពុទិ្ធកសិក្សា ជាគ្រឹះស្ថានអប់រំ ដ៏មានសក្តានុភាព សម្រាប់បណ្តុះបណ្តាលធនធានពុទ្ធសាសនិកខ្មែរ ឲ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយ រហូតបានជាបណ្ឌិត បញ្ញវន្ត សាស្រ្តាចារ្យ ប្រកបដោយគុណភាព ដែលប្រសូត្រចេញពីសង្គមសង្ឃពុទ្ធសាសនា។
ការថ្លែងថេរដីការបស់ព្រះឃោសធម្ម លន់ សុគន្ធា ប្រធានផ្នែកពុទិ្ធកមធ្យមសិក្សាយ៉ាងដូច្នេះ ក្នុងឱកាសដែលអគ្គាធិការដ្ឋានពុទិ្ធកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទិ្ធកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោមព្រះវត្តមានសម្តេចព្រះមហាសុមេធាធិបតីកិតិ្តឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទិ្ធកសិក្សាជាតិ។
ព្រះឃោសធម្ម មានថេរដីកាទៀតថា ពុទិ្ធកសិក្សាបច្ចុប្បន្នត្រូវបានលើកកម្ពស់ និងគាំទ្រដោយរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ដល់ការអនុញ្ញាតឲ្យបើកគ្រឹះស្ថានពុទិ្ធកសិក្សាជាបន្តបន្ទាប់ នាំឲ្យសាលាពុទិ្ធកមានការរីកដុះដាល ចាប់ពីសាលាពុទិ្ធកបឋមសិក្សា រហូតដល់ពុទិ្ធកឧត្តមសិក្សា និងក្រោយពុទិ្ធកឧត្តមសិក្សា។
អគ្គាធិការដ្ឋានពុទិ្ធកសិក្សាជាតិមានគោលនយោបាយ ពង្រឹងគុណភាព និងពង្រីកវិស័យពុទិ្ធសិក្សា ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល មានក្នុងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាសំខាន់ ក្នុងការដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។ ហេតុនេះហើយ ផ្នែកពុទិ្ធកមធ្យមសិក្សា ក៏មានគោលនយោបាយ ពង្រឹងគុណភាព និងពង្រីកវិស័យពុទិ្ធកមធ្យមសិក្សា ដើម្បីអបស្ទបគោលនយោបាយ នៃអគ្គាធិការដ្ឋានពុទិ្ធកសិក្សាជាតិផងដែរ។
ទន្ទឹមគ្នានោះផងដែរ សម្តេចព្រះមហាសុមេធាធិបតី កិតិ្តឧទ្ទេសបណ្ឌិត នន្ទ ង៉ែត មានព្រះបន្ទូល ព្រះឱវាទផ្តាំផ្ញើក្នុងអង្គពិធីថា វគ្គបណ្តុះបណ្តាលជូនដល់គ្រឹះស្ថានពុទិ្ធកមធ្យមសិក្សាទាំងអស់នេះ ស្ថិតក្នុងរាជធានី-ខេត្តទាំង១៨ គឺចង់ពង្រឹងធនធានមនុស្សឲ្យបានរឹងប៉ឹង ឲ្យមានចំណេះដឹងច្រើនៗតទៅទៀត។ ប៉ុន្តែសព្វថ្ងៃនេះ មន្រី្តសង្ឃកាន់តែខ្សោយទៅៗ ដោយសារខ្វះសីលធម៌ និងគុណធម៌។
ដូច្នេះសូមឲ្យព្រះអង្គគ្រប់ផ្នែក ដែលជានាយផ្នែក ជួយពង្រឹងនូវគុណធម៌ សីលធម៌ ព្រោះថាយើងសុទ្ធតែបញ្ញវន្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា សម្តេចគ្រប់អង្គ ត្រូវខិតខំពង្រឹងនូវធនធានមនុស្សអោយកាន់តែខ្លាំងក្លាបន្ថែមទៀត៕ធ.ដ