ខេត្តគោលដៅចំនួន៤ ទទួលបានការបណ្តុះបណ្តាលតម្រង់ទិសស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ សម្រាប់ក្រុមប្រឹក្សាអាណត្តិទី៣
នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ មានបើកវគ្គបណ្តុះ បណ្តាលតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដោយមានសមាសភាពក្រុមប្រឹក្សា ខេត្តសៀមរាប កំពង់ធំ ខេត្តក្បូងឃ្មុំ និងខេត្តកំពង់ចាម ចូលជាសិក្ខាកាមចំនួន៥៤នាក់។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប និងលោក ឈួន បុណ្ណា ទីប្រឹក្សាក្រសួងមហាផ្ទៃ។
លោក ពៅ ពិសិដ្ឋ បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សំខាន់ក្រសួងមហាផ្ទៃ ក្នុងការបណ្តុះបណ្តាលសម្រាប់ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ។ លោកបានបន្តទៀតថា ដើមី្បធានាឲ្យគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមទទួលខុសត្រូវអនុវត្តន៍គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងបទបញ្ជា លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន។
លោកបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានចាត់ទុកថា មាន សារសំខាន់ចាំបាច់មិនអាចមើលរំលងបានឡើយ។ ម៉្យាងទៀត តាមរយៈកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍសមត្ថភាពទាំងក្រុមប្រឹក្សា និងមន្ត្រីរាជការស៊ីវិល ដែលកំពុងបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បគាំទ្រដល់ការកសាងសមត្ថភាព ក្នុងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ លោកក៏បានធ្វើការផ្តាំផ្ញើ និងណែនាំមួយចំនួន ព្រមទាំងបានផ្តល់នូវបទពិសោធន៍ការងារល្អៗ មួយចំនួនដល់សិក្ខាកាម និងមានសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ នឹងទទួលបាននូវចំណេះដឹងថ្មីៗ ដើមី្បយកទៅប្រើប្រាស់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងរួមចំណែកក្នុងការសម្រេចគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ