ខឹងមិនដណ្តឹងប្រពន្ធឲ្យ ប្រើខ្សែចងកលើដើមឈើស្លាប់
មណ្ឌលគីរី៖ យុវជនទើបពេញកម្លោះម្នាក់ ព្រោះតែចង់បានប្រពន្ធ និងត្រូវម្តាយឪពុកស្តីបន្ទោសឲ្យ បានសម្រេចចិត្ត ប្រើខ្សែចងកធ្វើអត្តឃាតតែម្តង។ ករណីនេះបានកើតឡើងនៅព្រលឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោយវិហារយីស៊ូគ្រីស្ទ ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ករណីនេះ នគរបាលក្រុងសែនមនោរម្យ បានធ្វើការពិនិត្យសាកសពភ្លាមៗ និងមិនបានរកឃើញស្លាកស្នាមអ្វីក្រៅពីស្នាមជាំនៃខ្សែចងកនោះឡើយ។
អធិការនគរបាលក្រុងសែនមនោរម្យលោក កាន់ ពេញ បានឲ្យដឹងថានៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង០៦និង២០នាទីព្រឹក នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី មានករណីអត្តឃាតដោយចងកមួយករណី ក្រោយវិហារយីស៊ូគ្រីស្ទ ឬអង្គការដំណឹងល្អទាំង៤។
លោកឲ្យដឹងថា ជនរងគ្រោះឈ្មោះ រៀម លីថូ ភេទប្រុស អាយុ១៨ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។ចំពោះមូលហេតុ គឺខឹងឪពុកម្តាយស្តីបន្ទោសរឿងដើរលេងយប់ និងមិនដណ្តឹងនារីដែលខ្លួនស្រលាញ់ឲ្យ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ
ដោយៈ សាត ចាន់បុត្រ