លីគបាល់ទាត់យុវជន Smart Youth League លើកទី១ ឆ្នាំ២០១៩ របស់ក្លិបភ្នំពេញក្រោន បានរកឃើញជើងឯកទាំង៤ប្រភេទអាយុផ្សេងគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតបាល់ទាត់លីគយុវជន Smart Youth League លើកទី១ ឆ្នាំ២០១៩ របស់ក្លិបភ្នំពេញក្រោន ដែលបានដំណើរការប្រកួតជាង៣ខែ បានរកឃើញជើងឯក លើ៤អាយុប្រភេទផ្សេងៗគ្នា នៅកីឡដ្ឋាន Smart RSN កាលពីម្សិលមិញ។

តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា លីគយុវជន Smart Youth League លើកទី១ ដែលប្រើពេលវេលា ប្រកួតជាង៣ខែមេសានេះ មាន ៣៦ក្រុម ចូលរួម និងបែងចែកការប្រកួត ទៅតាមប្រភេទអាយុផ្សេងគ្នា គឺអាយុក្រោម១២ឆ្នាំ មាន៧ក្រុម, អាយុក្រោម១៤ឆ្នាំ មាន៨ក្រុម, អាយុក្រោម១៧ឆ្នាំ មាន១២ក្រុម និងអាយុក្រោម២០ឆ្នាំ មាន៩ក្រុម ដោយប្រើរូបមន្ដប្រកួតលក្ខណៈលីគ ១ជើង ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ក្លាយជាជើងឯក។

លោក កែវ សុង៉ន តំណាងក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា ពាននេះ គឺចង់ផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង តាមសាលារៀន និងសហគមន៍ បានចូលរួមប្រកួត ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងទេពកោសល្យដែលពួកគេមាន។ លោក សង្ឃឹមថា ការប្រកួតនឹងបំពេញក្តីស្រមៃរបស់កីឡាករវ័យក្មេងគ្រប់រូប ឲ្យក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងក្តីស្រឡាញ់លើវិស័យកីឡាបាល់ទាត់។ ជាមួយគ្នានេះ ក្លិបភ្នំពេញក្រោន ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកីឡាបាល់ទាត់សម្រាប់ក្មេងៗ តាមរយៈការចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការ Football For Life។

ក្លិបភ្នំពេញក្រោន ក៏បានចូលរួមយ៉ាងសកម្ម ក្នុងវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ ប្រចាំឆ្នាំទូទាំងកម្ពុជា និងបានជួយផ្តល់សប្បុរសធម៌ចំនួន ៣៥០,០០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា បើគិតចាប់តាំងពីឆ្នាំ២០១៦មក។
សម្រាប់លទ្ធផលវិញ លីគយុវជនអាយុក្រោម១២ឆ្នាំ លេខ១ ក្រុមនគររាជ ឯស្បែកជើងមាស បានទៅកីឡាករក្រុមនគររាជ ហ្សេន សាលី។ ចំពោះលីគយុវជនអាយុក្រោម១៤ឆ្នាំ លេខ១ ក្រុម Two Lion FC, ឯម្ចាស់ស្បែកជើងមាស បានទៅកីឡាករ នី បុត្រា មកពីក្រុម Two Lion។

ចំណែកលីគយុវជនអាយុក្រោម១៧ឆ្នាំ លេខ១ ក្រុមយុវជនអគ្គិសនីកម្ពុជា, ស្របពេលម្ចាស់ស្បែកជើងមាស បានទៅកីឡាករ រូ ដាំរុង របស់ក្រុម U17 Elite PPC។ រីឯលីគយុវជនអាយុក្រោម ២០ឆ្នាំ លេខ១ ក្រុមយុវជនព្រែកប្រាកីឡា, ហើយស្បែកជើងមាស បានទៅកីឡាករ ធា ម៉េងហុង មកពីក្រុម King of Eagle។

គួររំលឹកថា ក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន គឺជាក្លិបកីឡាបាល់ទាត់ដ៏ជោគជ័យធំមួយ នៅកម្ពុជា ធ្លាប់ឈ្នះពានលីគកំពូលកម្ពុជា ៦លើក និងឈ្នះពាន ហ៊ុន សែន ២លើក ចាប់តាំងពីបបង្កើតក្លិប ក្នុងឆ្នាំ២០០១ និងប្តូរឈ្មោះ ទៅជាភ្នំពេញក្រោន ក្នុងឆ្នាំ២០០៩៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner