សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាប ដោយដកហូតថ្នាំញៀនចំនួន៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៩ នៅចំណុចម្តុំតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
លោកអធិការរង ម៉ៅ ចាន់ថុន ទទួលផ្នែកគ្រឿងញៀនខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចម្តុំតាន់ប៉ា។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ ដកហូតថ្នាំញៀនចំនួន០៣កញ្ចប់ តូចធំ ថង់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចប្រាប់ឲ្យដឹងថាជនសង្ស័យទី១)ឈ្មោះ និល រ៉ាវី ហៅរាជ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជួញដូរ) និងម្នាក់ទៀតមានឈ្មោះ សេង សុខណារី ហៅអាវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជាអ្នករក្សាទុក)។ បច្ចុប្បន្ននេះ ជនសង្ស័យ រួមជាមួយ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្នាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ធ.ដ