អាវុធហត្ថខណ្ឌដង្កោចាប់ខ្លួនជនសង្ស័យពីរនាក់ ក្រោយឆក់ទូរសព្ទបានសម្រេច
ភ្នំពេញ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ហើយធ្យាយាមជិះម៉ូតូគេចខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
អាវុធហត្ថខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ មឿន សុវណ្ណ ផាក ភុង អាយុ១៨ឆ្នាំ មុខរបរសន្តិសុខណាការ ស្នាក់នៅភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងទី២)ឈ្មោះ សាត សុខឌីណា អាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលសំបូ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះឈ្មោះ សារិន ស្រីលាភ អាយុ២០ឆ្នាំ មុខបរបុក្គលិកក្រុមហ៊ុនស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូចេញពីភូមិម័ល ក្នុងសង្កាត់ដង្កោ ទៅភូមិស្រុកចែកសង្កាត់ជើងឯក ដោយធ្វើដំណើរតាមផ្លូវ២១៧ទិសពីជើងទៅត្បួង មកពាក់កណ្ដាលផ្លូវស្រាប់តែប្ដីរបស់គាត់បានទូរសព្ទមក ហើយនាងក៏បានឈប់ម៉ូតូដកទូរសព្ទមកនិយាយ តែមិនទាន់បាននិយាយផង ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកCLiCK ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1FL-0463 ជិះមកពីក្រោយរួចក៏ឆក់ទូរសព្ទបានសម្រេច ហើយជិះម៉ូតូគេចខ្លួន តែពេលនោះនាងបានស្រែកថាចោៗហើយបានជិះម៉ូតូដេញតាម។
ភ្លាមៗនោះដែរកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលរដ្ឋានបានឃើញ និងបានដេញចាប់បានទាំងពីរតែម្ដង និងបានយកមកសួនាំនៅកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទពីនារីរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ធ.ដ