អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាត់ខ្សែភ្លើងពីរនាក់ ទៅតុលាការ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចកាត់ខ្សែភ្លើងពីរនាក់ ទៅតុលាការ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យឈ្មោះ សួន សុភា អាយុ២៦ឆ្នាំ និងឈ្មោះ ម៉ៅ មុន អាយុ២១ឆ្នាំ។
ពួកគេទាំងពីរនាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី៥ ខែកក្កដា ពេលកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅក្នុងការដ្ឋានសំណង់ លីង ណាន ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្រោយពេលឃាត់ខ្លួនបាន រូបគេទាំងពីរ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃធ្វើសកម្មភាពលួច គឺឈ្មោះ សួន សុភា បានចូលទៅក្នុងការដ្ឋានសំណង់ លីង ណាន ដើម្បីលួចយកខ្សែភ្លើង ហើយបានយកខ្សែភ្លើងនោះ ទៅទុកនៅខាងក្រៅការដ្ឋានផ្នែកខាងក្រោយ ដោយឈ្មោះ ម៉ៅ មុន ជាអ្នកចាំយកទៅលក់បន្ត តែត្រូវបានសន្តិសុខយាមនៅក្បែរនោះឃើញបានប្តឹងសមត្ថកិច្ចអាវុធហត្ថ ក៏ចុះមកធ្វើការឃាត់ខ្លួនពួកគេទាំងពីរនាក់តែម្តង៕ធ.ដ