ក្រុមហ៊ុនចិនចុះសិក្សាសំណង់ផ្លូវដែក និងផ្លូវក្រោមដី ក្នុងរាជធានី (Video Inside)
ក្រុមហ៊ុនចិនចំនួន២ ដែលមានបទពិសោធន៍លើការសាងសង់ផ្លូវដែក និងផ្លូវក្រោមដី បានចុះមកសិក្សាជាបន្ថែមទៀត លើគម្រោងកសាងផ្លូវរថភ្លើងធុនស្រាល និងគម្រោងរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ។
ការចុះពិនិត្យរបស់ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុនក្វាងចូវ មេត្រូគ្រុប Guangzhou Metro Group បានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ ជុំវិញសំណង់ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គ្រោងនឹងបញ្ចប់ដំណាក់កាលសាងសង់លើកទី១ របស់ខ្លួន នៅក្នុងឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។
ក្រុមហ៊ុនចិនទាំង២នេះ នាព្រឹកថ្ងៃទី១៨មីនា បានធ្វើបទបង្ហាញមួយ ដល់គណៈកម្មការរអន្តរក្រសួង ដែលមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
លោកស៊ុន ចាន់ថុល បានថ្លែងថាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាល តភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សម្រួលការធ្វើដំណើរ គ្រាដែលការចរាចរណ៍ ក្នុងរាជធានីភ្នំពេញកាន់តែកកស្ទះ។
មិនមានសេចក្តីរាយការណ៍ថា តើដំណើរការសាងសង់ផ្លូវដែក និងផ្លូវក្រោមដី នឹងត្រូវចាប់ផ្តើមនៅថ្ងៃណាមួយពិតប្រាកដឡើយ។