កិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពី ពិភពលោកមួយ ដែលគ្មានមីន នឹងធ្វើរវាងពីថ្ងៃទី២៣ ដល់២៩ វិច្ឆិកា (Video Inside)
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី ពិភពលោកមួយ ដែលគ្មានមីន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចំធ្វើរយៈពេលមួយសប្តាហ៍ នាចុងខែវិច្ឆិកា ឆ្នាំ២០២៤។
កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យបំបាត់គ្រាប់មីនឱ្យអស់ចេញពីកម្ពុជា នៅក្នុងឆ្នាំ២០២៥។ ប៉ុន្តែមុននឹងឆ្នាំនៃចក្ខុវិស័យនោះឈានមកដល់, កម្ពុជានឹងត្រូវធ្វើជាប្រធានពេញមួយឆ្នាំ នៃកិច្ចប្រជុំកំពូល នៃគោលដៅ ដើម្បីការគ្មានគ្រាប់មីន របស់ពិភពលោក ក្នុងនោះរួមមានកិច្ចប្រជុំ នៅតាមបណ្តាប្រទេសនានាលើសកលលោក និងចុងក្រោយ គឺកិច្ចប្រជុំដ៏ធំបង្អស់មួយទៀត នៅក្នុងខែវិច្ឆិកា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងការចូលរួមពីបណ្តាប្រទេសជាង ១៦០ មកពីសកលលោក។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពី «ពិភពលោកមួយ ដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា» នឹងគ្រោងធ្វើរវាងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
អនុសញ្ញាអូតាវ៉ា គឺជាការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សលោក។ អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាមនុស្សធម៌ ដែលមានប្រទេសជាសមាជិកចូលរួមរហូតដល់ ១៦៤ប្រទេស។