សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្ស នៅតែជាគន្លឹះដ៏សំខាន់ ខណៈនិស្សិតរៀនជំនាញពេទ្យ សូមកុំស្នើសុំចូលក្របខ័ណ្ឌ ដោយមិនឆ្លងកាត់ការប្រឡង

(ភ្នំពេញ)៖ ការកសាងធនធានមនុស្ស នៅតែជាគន្លឹះដ៏សំខាន់របស់រាជរដ្ឋាភិបាល ខណៈនិស្សិតដែលរៀនជំនាញពេទ្យ សូមកុំស្នើសុំចូលក្របខ័ណ្ឌ ដោយមិនឆ្លងកាត់ការប្រឡង ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ ដើម្បីពង្រឹងជំនាញព្យាបាលកម្រិតខ្ពស់ទៅថ្នាក់ក្រោម តាមរយៈយន្តការវិមជ្ឈការ ដើម្បីឱ្យរដ្ឋបាលខេត្តនីមួយៗ មានជំនាញកម្រិតខ្ពស់ក្នុងការព្យាបាល ។

សម្តេចធិបតី បានបញ្ជាក់ថា ការពង្រឹង គឺត្រូវធ្វើពីថ្នាក់លើដល់ក្រោម ពោលគឺពង្រឹងថ្នាក់ជាតិ រហូតដល់ពេទ្យខេត្ត និងពេទ្យតំបន់ ។ សម្តេចធិបតី បញ្ជាក់ថា ការពង្រឹងនេះកុំឲ្យពេទ្យគន្លាតសមត្ថភាពពីគ្នា ។ មានន័យថា សមត្ថភាពពេទ្យតំបន់ ក៏ដូចជាពេទ្យខេត្ត ពេទ្យខេត្ត ក៏ដូចជាពេទ្យថ្នាក់ជាតិ ។ សម្ដេច បានបន្តថា ដើម្បីសុខភាពប្រជាជន យើងត្រូវតែហ៊ានវិនិយោគទៅលើវិស័យសុខាភិបាល ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ការកសាងធនធានមនុស្ស នៅតែជាគន្លឹះដ៏សំខាន់របស់រាជរដ្ឋាភិបាល ។ សម្ដេច ថា៖ ការបណ្តុះបណ្តាលជំនាញពេទ្យទាំងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថាននានាត្រូវតែមានជំនាញព្រោះថាការបណ្តុះបណ្តាលនេះទៅទីណាក៏ដោយនៅតែព្យាបាលប្រជាពលរដ្ឋ។ មិនថាពេទ្យអង្គការ ពេទ្យរដ្ឋ ពេទ្យឯកជនគឺ ត្រូវតែធានាសុវត្ថិភាព ស្តង់ដារ ដែលជាការងារសំខាន់ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា មិនមែនថា ទាល់តែពេទ្យរដ្ឋត្រូវតែមានស្តង់ដារខ្ពស់ជាងពេទ្យឯកជន ខ្ពស់ជាងពេទ្យអង្គការនោះទេ គឺជីវិតមនុស្សត្រូវតែព្យាបាលឱ្យត្រូវ ហើយត្រូវតែមានការធានាខុសត្រូវ។ សម្ដេច បញ្ជាក់ថា ទាំងពេទ្យរដ្ឋ ពេទ្យរាជធានី ឬពេទ្យខេត្ត ឬពេទ្យឯកជន ត្រូវតែមានជំនាញដូច្នេះអ្វីដែលសំខាន់ នោះគឺកក្តាធនធានមនុស្សត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញពេទ្យនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ការបណ្តុះបណ្តាលជំនាញពេទ្យនេះ រាជរដ្ឋាភិបាល បានគិតគូរណាស់ ហើយរាល់ការបណ្តុះបណ្តាលជំនាញពេទ្យទាំងអស់ ទាំងសាលាពេទ្យក្រហម (សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល) ឬសាកលវិទ្យាល័យអន្ដរជាតិ (សាលាអាយយូ) ឬនៅសាលាពេទ្យណាទៀត គឺមានសមត្ថភាព ក្នុងការប្រឡងចូលក្របខ័ណ្ឌរដ្ឋដូចគ្នា ។ អីចឹង ការបណ្តុះបណ្តាលជំនាញពេទ្យនេះ គឺត្រូវយកចិត្តទុកដាក់ ហើយរៀនជំនាញពេទ្យអាចគួរឱ្យរឹង ហើយខ្ញុំស្នើសុំ ក្មួយៗនិស្សិតដែលរៀនជំនាញពេទ្យ កុំស្នើសុំចូលក្របខ័ណ្ឌ ដោយមិនឆ្លងកាត់ការប្រឡងអី ។ អ្នករៀនជំនាញពេទ្យ ត្រូវយល់ពីស្ថានភាពជំងឺ ហើយវាមិនអាចដូចជាកុំព្យូរទ័រនោះទេ។ អ្នកជំងឺ គឺមានជំងឺដូចគ្នា ប៉ុន្តែអាការៈមិនដូចគ្នានោះទេ ដូច្នេះយើងអាចវាយតម្លៃខុស ដែលធ្វើយ៉ាងណា ត្រូវធានានូវគុណភាព ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ ការបណ្តុះបណ្តាលពេទ្យ ត្រូវមានស្តង់ដារច្បាស់លាស់នៅតាមសាលានីមួយៗ មានអ្នកខ្លះថា រៀនពេទ្យមានតម្លៃថ្លៃ តែវាត្រូវចំណាយច្រើនលើឧបករណ៍ពិសោធន៍ ។ ការរៀនពេទ្យមិនអាចរៀនតែទ្រឹស្តី ហើយទៅធ្វើការវះកាត់តាមកុំព្យូទ័រនោះទេ គឺត្រូវតែចេះវះកាត់ផ្ទាល់តែម្តង ហើយក៏មិនមែនពេទ្យ ពេលចូលវះកាត់ផ្ទាល់ឃើញឈាមសន្លប់នោះទេ ។

សម្ដេច ថា ការកសាងធនធានមនុស្ស នៅក្នុងវិស័យសុខាភិបាល គឺត្រូវគិតគូរពីការបណ្ដុះបណ្ដាល ចេញពីសាលា ដូច្នេះការបណ្ដុះបណ្ដាល ត្រូវផ្តោសំខាន់លើគុណភាព នៃការអប់រំ និងស្ដង់ដាច្បាស់លាស់ ។ សម្ដេច បន្ថែមថា ក្រសួងអប់រំ និងក្រសួងសុខាភិបាល ត្រូវមានស្តង់ដាប្រតិបត្តិ ចេញពីថ្នាក់ជាតិ និងអនុវត្តស្តង់ដាថ្នាក់ជាតិ តែមួយដូចគ្នានៅគ្រប់ទីកន្លែងទាំងអស់ក្នុងវិស័យទាំងពីរនេះ។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា បញ្ហាប្រឈមបរស់កម្ពុជា គឺកង្វះធនធានមនុស្សសម្រាប់វិស័យសុខាភិបាល តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ ដូច្នេះ ត្រូវរករូបមន្តការកំណត់ការជ្រើសរើសមន្រ្ដីចូលក្នុងក្របខណ្ឌសុខាភិបាលនេះ គឺត្រូវធ្វើម៉េចកុំឱ្យខ្ទាស់ និងកែប្រែភាពបត់បែនដើម្បីធ្វើយ៉ាងណាឱ្យមានធនធានមនុស្សចូលក្នុងវិស័យសុខាភិបាលនេះបន្ថែម ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner