រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ៖ កម្ពុជាទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ដែលនាំឱ្យប្អូនៗនិស្សិតមានឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញផ្សេងៗ នៅតាមសាកលវិទ្យាល័យនានា នៃប្រទេសអូស្រ្តាលី ដែលមានសមាសភាពមកពីបណ្តាស្ថាប័នសាធារណៈ វិស័យឯកជន និងតាមបណ្តាអង្គការក្រៅរដ្ឋាភិបាល ចំនួន ១២រូប នៅទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ២០២៤ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនប្អូនៗនិស្សិតជ័យលាភី អំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាបានឆ្លងកាត់របបនយោបាយជាច្រើន ពិសេសឆ្លងកាត់របបខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាបាត់បង់គ្រប់យ៉ាងធ្លាក់ដល់ចំណុចសូន្យ និងបានចាប់ផ្តើមឡើងវិញដោយបាតដៃទទេក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ទើបកម្ពុជាទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ដែលកត្តាសុខសន្តិភាពនេះហើយ នាំឱ្យប្អូនៗមានឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់ទីស្តីការក្រសួងអធិការកិច្ច របស់ប្អូនៗនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៤ ដែលនេះជាលើកទី២ហើយ ដែលក្រសួងទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ បន្ទាប់ពីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ អឺរ៉ាស្មូស (ERAMUS) ទៅសិក្សានៅប្រទេសបារាំង និងណូវែលហ្សេឡង់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ប្អូនៗ និងសូមអរគុណចំពោះចំណាប់អារម្មណ៍ចង់ដឹង ចង់ស្គាល់ក្រសួងអធិការកិច្ចរបស់ប្អូនៗ ។

ជាមួយគ្នានោះ ឯកឧត្តម ហួត ហាក់ ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ប្អូនៗ ត្រូវយកចិត្តទុកដាក់សិក្សាឱ្យទទួលបានជោគជ័យ, ក្រៅពីការសិក្សា ប្អូនៗនិស្សិតម្នាក់ៗ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមជូនពរឱ្យការធ្វើដំណើររបស់ប្អូនៗ ប្រកបដោយសុខសុវត្ថិភាព ថែរក្សាសុខភាព និងត្រលប់មកវិញ សូមយកចំណេះដឹង និងសមត្ថភាពមកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ទៅតាមជំនាញរៀងៗខ្លួន ហើយប្រសិនប្អូនៗមានបញ្ហា ឬសំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានវត្ថុអនុស្សាវរីយ៍ជូនដល់ប្អូនៗនិស្សិតជ័យលាភី ជាសៀវភៅចំនួន៣ ក្បាល ៖ សម្ដេច ហ៊ុន សែន កំពូលស្ថាបនិកនិងបិតាសន្តិភាពរបស់កម្ពុជា សៀវភៅសម្ដេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩ និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល ដែលសៀវភៅទាំងបីនេះ នឹងជាត្រីវិស័យដ៏សំខាន់ ដែលប្អូនៗអាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋានដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារដែលប្អូនៗជ្រើសរើស ៕

ដោយ ហេង សម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner