សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់២ គឺនៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនពលរដ្ឋ
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាជាមួយ JICA របស់ជប៉ុនលើជំនួយប្រមាណ ១៥០លានដុល្លារ ដែលគ្រោងនឹងសាងសង់មន្ទីរពេទ្យតំបន់នៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៤ ខែ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាជាមួយ នៅលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយអង្គការចៃកា (JICA) ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់២ គឺនៅកំពង់ចាម និងសៀមរាប។ អីឡូវយើងចាប់ផ្តើមពង្រឹងពេទ្យថ្នាក់តំបន់ អញ្ចឹងថ្ងៃនៅពេលដែលមានសមត្ថភាពមន្ទីរពេទ្យក៏នឹងអាចបង្កើតសមត្ថភាពទៀតនៅពេលដែលយើងធ្វើវិមជ្ឈការ ហើយសមត្ថភាពទាំងពីរដែលខ្ញុំបានប្រកាសនេះ គិតជាតម្លៃគឺ១៤១លានដុល្លារ ក្នុងការកសាងមន្ទីរពេទ្យពីរនេះទៅជាមន្ទីរពេទ្យតំបន់ ។
សម្តេចធិបតី បានបន្ថែមថា ការខិតខំពង្រឹងមន្ទីរពេទ្យថ្នាក់តំបន់ គឺដើម្បីជួយសម្រួលការលំបាក និងភាពចម្អៀតណែនរបស់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ កុំឱ្យពួកគាត់ធ្វើដំណើរឆ្ងាយដើម្បីព្យាបាលជំងឺរហូតមកដល់រាជធានីភ្នំពេញ។ សម្តេច ថា ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺត្រូវតែហ៊ានវិនិយោគ។ ដូច្នេះនៅថ្ងៃអនាគត ប្រសិនបើមានអ្នកជំងឺធ្ងន់ៗដូចជាការវះកាត់បេះដូង មហារីក ដែលរស់នៅតាមបណ្តាខេត្តក៏អាចព្យាបាលជំងឺរបស់ពួកគាត់នៅតាមបណ្តាខេត្តដែលពួកគាត់រស់នៅជាដើម។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការខិតខំអភិវឌ្ឍន៍មន្ទីរពេទ្យនៅថ្នាក់តំបន់ ថ្នាក់ខេត្តនោះវានឹងកាត់បន្ថយគម្លាតនៃស្តងដារព្យាបាលជំងឺជូនប្រជាពលរដ្ឋផងដែរ។ ចំពោះកិច្ចការងារលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាតាំងពីអាណត្តិមុនៗ និងបន្តធ្វើជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា សម្រាប់ការកសាងមន្ទីរពេទ្យថ្នាក់តំបន់នៅកំពង់ចាម និងសៀមរាប គឺមានតម្លៃចំនួន ១៤១លានដុល្លារ ដូច្នេះ តាមការរំពឹងទុកយ៉ាងយូរ ២ ឬ ៣ឆ្នាំទៀតនោះអ្នកជំងឺមួយចំនួននឹងអាចព្យាបាលជំងឺរបស់ពួកគាត់នៅក្នុងមន្ទីរពេទ្យតំបន់ទាំងពីរនេះ ដោយមិនចាំបាច់ធ្វើដំណើរពីចម្ងាយមកដល់មន្ទីរពេទ្យជាតិនៅរាជធានីភ្នំពេញនោះទេ។
សម្តេចធិ បានបន្តថា ការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ កាន់តែមានសមត្ថភាពក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងការធ្វើវិមជ្ឈការ ការទទួលខុសត្រូវ ព្រមទាំងសមត្ថភាពរបស់ក្រុមគ្រូពេទ្យរហូតដល់មូលដ្ឋាន តាមជំហានៗ ចំណុចនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចង់បាន។
សូមរំលឹកថា ក្នុងកំឡុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ លោក កុមឹរ៉ា ម៉ាសាហ៉ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្រកាសធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយការប្រកាសផ្តល់ជំនួយប្រមាណ ១៥០លានដុល្លារអាមេរិក សម្រាប់ សាងសង់មន្ទីរពេទ្យតំបន់៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

