បញ្ជូនខ្លួនស្ដ្រីជាម្ចាស់ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ទៅតុលាការ
ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនស្ដ្រីជាម្ចាស់ទីតាំងម៉ាស្សាបង្កប់សវាផ្លូវភេទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ របាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមរំលឹកថា កាលពីវេលាម៉ោង២និង០០នាទីរសៀលនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោកោសជប់ម៉ាស្សា១ម៉ឺនរៀល ដែលស្ថិតនៅផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង មានបង្កប់សេវាផ្លូវភេទ ដោយឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន៦នាក់។
ក្រោយពេលកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះនារីរងគ្រោះចំនួន៦នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមាន៖ ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនធំ ហើយនាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ ។ ចំណែកនារីរងគ្រោះទាំង៦នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ធ.ដ