រថយន្តកាមរីឆ្លាមបុកខឿនពុះចែកទ្រូងផ្លូវ បង្កជាភ្លើងឆាបឆេះរថយន្តអស់ទាំងស្រុង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបោះពួយយ៉ាងលឿន វ៉ាជែងបួងចង្កូតមិនទាន់ ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍២ដើមបាក់រាបដល់ដី និងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើម បង្កជាភ្លើងឆាបឆេះរថយន្តអស់ទាំងស្រុង តែសំណាងល្អមិនបង្កឲ្យនណាម្នាក់ រងរបួសនោះទេ កាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះ-ឈ្នះ កែងនឹងច្រកចូលសង្កាត់សំរោងក្រោម ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2C.3545 ធ្វើដំណើរតាមបណ្តោយផ្លូវ វិមានឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿងទៀត ហើយបួងចង្កូតមកវិញមិនទាន់ ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ខ្ទេចថ្មខឿនអស់ជាច្រើនដុំ និងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់រាបដល់ដីចំនួន២ដើម ព្រមទាំងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើម។

ចំណែកឯរថយន្ត បានឆាបឆេះយ៉ាសន្ធោសន្ធៅ ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យមកដល់មួយគ្រឿងបាញ់ពន្លត់ឲ្យរលត់ទៅវិញ ប៉ុន្តែរថយន្តត្រូវបានឆាបឆេះអស់ទាំងស្រុង តែសំណាងល្អមិនបង្កឲ្យអ្នកបើកបររងរបួសនោះទេ ក្រោយមកក៏មានមិត្តភក្តិមកយកចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner