សហព័ន្ធកីឡាវ៉ូសូកម្ពុជា បានត្រៀម អត្តពលិក៥រូបដែលមានសក្តានុពល សម្រាប់ស៊ីហ្គេមនៅហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាវ៉ូសូ កម្ពុជា ត្រៀមអត្តពលិកជម្រើសជាតិ៥រូប សម្រាប់ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម នៅប្រទេសហ្វីលីពិន ដែលនឹងចូលមកដល់ នាចុងឆ្នាំ២០១៩ខាងមុខ។ នេះបើតាមការឲ្យដឹងពី លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូសូ កម្ពុជានាព្រឹកមិញ នៅស្របពេលកំពុងហ្វឹកហាត់ នៅបរិវេនវិទ្យាល័យបាក់ទូក ។

គ្រូបង្វឹកជម្រើសជាតិថ្នាល កញ្ញា ម៉ៅ ច័ន្ទសូរិយា បានឲ្យដឹកថា អត្តពលិកថ្នាល ដែលកំពុងហ្វឹកហាត់ត្រៀមនាពេលនេះ មាន៩រូប កីឡាការិនី២រូប កីឡាករ៧រូប ហ្វឹកហាត់ក្នុងមួយថ្ងៃពី៥ ទៅ ៦ម៉ោង ដើម្បីបង្កើនសិទ្ធផល ។ គ្រូបង្វឹកស្ត្រីរូបនេះ បានវាយតម្លៃខ្ពស់ចំពោះ កីឡាករ កីឡាការិនី មានការគោរពពេលវេលា គោរពវិន័យ មានក្រមសីលធម៌ខ្ពស់ ជាពិសេសខិតខំប្រឹងប្រែងហ្វឹកហាត់ ជាហេតុនាំឲ្យពួកគេមានការរីកចម្រើនទាំងបច្ចេកទេស និងសមត្ថភាព យ៉ាងឆាប់រហ័សគួរឲ្យគត់សម្គាល់ ។ ហើយចំពោះគោលបំណងសំខាន់នោះ ដើម្បីពង្រឹងសមត្ថភាព បន្សាំខ្លួន ក្នុងព្រឹត្តិការណ៍អន្តរជាតិ ដូចជា ព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន ជាពិសេសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ដោយឡែកក្រុមកីឡាករ បានបញ្ជាក់ថា ការហ្វឹកហាត់វិញ្ញាសាសម្តែងម្នាក់ឯង វាងាយស្រួលជាង ប៉ុន្តែការហ្វឹកហាត់ជាក្រុមយើងត្រូវការសហការគ្នាទើបធ្វើបានល្អ ។ លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធ កីឡាវ៉ូសូ កម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា ឈូដា ប្រធានសហ័ន្ធ បានដាក់ចេញផែនការមេ ក្នុងការហ្វឹកហាត់ ដោយកំណត់ម៉ោងពេលវេលាច្បាស់លាស់ ។ លោក បន្ថែមថា កីឡាករ កីឡាករិនី ដែលបានមកហ្វឹកហាត់ នេះសិតសឹងតែបានឆ្លងកាត់ការប្រកួតថ្នាក់ជាតិ នឹងបានជ្រើសរើសផ្ទាល់សហព័ន្ធ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតនានា ។

លោកអគ្គលេខាធិការបន្តថា សម្រាប់ ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ សហព័ន្ធបានត្រៀមវិញ្ញាសាដែលមានសក្កានុពល ដើម្បីប្រជែងយកមេដាយមកជូនជាតិរួចជាស្រាច ដោយលោកជឿជាក់ហ្នឹងអះអាងថា ឆ្នាំនេះយើងនឹងទទួលបានមេដាយ ព្រោះវិញ្ញាសាដាក់ឲ្យប្រកួតឆ្នាំនេះ បើកទូលាយជាងឆ្នាំមុន ។

ទាក់ទងនឹងការហ្វឹកហាត់ត្រៀមនេះដែរ ត្រូវបានលោក ម៉ៅ ចន្ថាវុធ បញ្ជាក់ថា សហព័ន្ធក៏មានបញ្ហាប្រឈមផងដែរ ដូចកង្វះសម្ភារៈហ្វឹកហាត់មួយចំនួន ដោយសារតែសំភារៈមួយចំនួនមានតម្លៃថ្លៃ តម្រូវឲ្យទិញពីប្រទេសចិន ទើបត្រូវស្តង់ដាតាមប្រភេទកីឡាមួយនេះ ។ ដូច្នេះលោក ក៏បានអំពាវនាវ ដល់សប្បុរសជន ដែលស្រលាញ់ចូលចិត្ត នឹងចង់អភិវឌ្ឍវិស័យកីឡា វ៉ូសូ នៅកម្ពុជា ឲ្យជួយជ្រោមជ្រែងប្រភេទកីឡានេះផង ។
សូបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកីឡាវ៉ូសូ មាន២១ក្លឹប ហើយក្លឹបដែលដំណើរការ ១៦ មិនដំណើរការ៥ នឹងមានកីឡាករ-កីឡាការិនី សរុប ចំនួន៦៣៨នាក់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner