ស្ពានអាកាសកម្ពស់បីជាន់ដំបូងបង្អស់នៅភ្នំពេញបើកដំណើរការថ្ងៃទី១ខែមេសា
ភ្នំពេញៈរយៈពេលជាង មួយឆ្នាំក្រោយបើកការដ្ឋានសាងសង់ ស្ពានអាកាសកម្ពស់បីជាន់ដំបូងបង្អស់នៅភ្នំពេញ នឹងបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២៤។
សាលារាជធានីភ្នំពេញប្រកាសថា ក្នុងដំណាក់ដំបូងនេះ យានយន្តគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់ស្ពាននេះនៅជាន់ទី២ ដែលជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន ក្នុងខណ្ឌចំការមន។ ចំណែកជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី៣ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងអំឡុងពេលជាង១ឆ្នាំទៀត។

ស្ពានអាកាសដែលត្រូវផ្តល់ឈ្មោះថា ស្ពាន “មរតកតេជោ” ត្រូវបានសាងសង់កាលពីខែសីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC )ដែលចាយថវិកាជាង ៣៦លានដុល្លារអាមេរិក។
ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមកភ្នំពេញផងដែរ។ ការសម្រេចដាក់ឱ្យដំណើរការបណ្តោះអាសន្ននេះ ជាគំនិតផ្តូចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំខ្មែរនាពាក់កណ្តាលខែមេសា។
គួរបញ្ជាក់ថា ស្ពានអាកាស មរតកតេជោនេះ គឺជាស្ពានអាកាសទី៨របស់កម្ពុជា។ បើទោះបីស្ពានទាំងនេះអាចជួយរំដោះចរាចរមួយចំនួន ប៉ុន្តែ កន្លងមកមានការលើកឡើងថា វាមិនបានដោះស្រាយទាំងស្រុងដោយសារតែស្ពានអាកាសភាគច្រើនខ្លីៗ ដែលមិនអាចសម្រួលចរាចរបានល្អដូចស្ពានអាកាសដែលមានប្រវែងវែង៕
ដោយៈទួន សុផល