កូនខ្មែរបង្កើតរោងសម្ងួតប្រើបច្ចេកវិទ្យាទំនើបតម្លៃដល់១៧ ០០០ដុល្លារ
ភ្នំពេញ:ផ្តើមចេញពីការស្រឡាញ់ការកែច្នៃកសិផល បុរសជនជាតិខ្មែរវ័យកណ្តាលម្នាក់បានបង្កើតរោងសម្ងួតដោយប្រើបច្ចេកវិទ្យាទំនើប និងថាមពលស្អាត ឬ សឡា ដែលអាចកាត់បន្ថយការបំភាយឧស្ម័នកាបូន ជាង ៩១ តោនក្នុងមួយឆ្នាំ។
លោក ហុង សុត ជាស្ថាបនិកអាជីវកម្មរោងសម្ងួតកសិករឆ្លាត (Kasekor Chhlat) និយាយថា រោងសម្ងួតដែលលោកផលិតនៅក្នុងស្រុកនេះ អាចសម្ងួតបានលឿន សុវត្ថិភាព មានអនាម័យដូចជាការពារដីហុយ និងសត្វចូល ការពាររំហួតពីដី ការពារទឹកភ្លៀង និងអាចការពារការខូចដោយសាររស្មីយូវីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រោងដែលអាចបម្លាស់ទីបាននេះ អាចជួយរក្សាពណ៌ ក្លិន និងរសជាតិកសិផលឲ្យនៅល្អ។
រោងសម្ងួតនេះ មាន៥ប្រភេទដែលមានលទ្ធភាពសម្ងួតចាប់ពី ២៥គីឡូក្រាម រហូតដល់៥តោនក្នុងពេលសម្ងួតម្តង។ រោងនេះមានតម្លៃចាប់ពី ១២៥០ ដល់ ១៧៥០០ ដុល្លារអាមេរិក។ វាអាចសម្ងួតកសិផលច្រើនមុខដូចជា ចេក ស្វាយ ម្រេច ផ្សិត ម្ទេស ម្ជូរព្រឹក តែ និងឪសថបុរាណ ក៏ដូចជាសាច់ងៀត និងសាច់ប្រឡាក់ផងដែរ។

មានរាងស៊ីឡាំង គ្រោងឆ្អឹងដែក ស្រោបដោយបន្ទះថ្លាពណ៌ស និងបំពាក់បន្ទះសឡា ពីលើផង រោងសម្ងួតនេះកំពុងប្រើប្រាស់ភាគច្រើននៅតាមខេត្តជុំវិញបឹងទន្លេសាប និងតំបន់មាត់សមុទ្រ ហើយម៉ូដែលដែលគេនិយមប្រើគឺ ម៉ូដែល ដែលអាចសម្ងួតបានពី ៥០-៣០០គីឡូក្រាម។
លោក ហុង សុត និយាយដោយសប្បាយចិត្ត ដែលផលិតផលលោកច្នៃឡើងនេះជួយកសិករកាត់បន្ថយផលខូចខាតកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងជួយការពារបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុទៀតផង។ ក្រៅពីរោងសម្ងួត អាជីវកម្មកសិករឆ្លាតក៏មានផ្គត់ផ្គង់នូវសម្ភារផ្សេងទៀតដូចជា បន្ទប់ត្រជាក់ក្លាសេកសិផលកសិកម្ម និងបច្ចេកវិទ្យាគាំទ្រការកែច្នៃផលិតផលកសិកម្មដទៃទៀតផងដែរ។
គួរសម្គាល់ថា ការកែច្នៃម្ហូបអាហារជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ទោះបីជាមានមូលដ្ឋានកសិកម្មដ៏សម្បូរបែបក៏ដោយ ក៏គម្លាតបច្ចេកវិទ្យា បញ្ហាលទ្ធភាពទទួលបានទីផ្សារ និងជំនាញបច្ចេកទេសបានរាំងស្ទះការប្រែក្លាយទំនិញកសិកម្មឆៅទៅជាទំនិញកែច្នៃដែលមានតម្លៃខ្ពស់។ នេះមិនត្រឹមតែរារាំងការធ្វើពិពិធកម្មនៃការនាំចេញកសិផលរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ភាពធន់នៃសេដ្ឋកិច្ចទាំងមូលផងដែរ៕
ដោយ:ទួន សុផល