ថៃប្រើនារី AI អានព័ត៌មាន លើទូរទស្សន៍
កាសែត The Nation របស់ថៃបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទូរទស្សន៍ Nation TV នៅប្រទេសថៃត្រៀមប្រើនារី AI ចំនួនពីររូប ឈ្មោះ Natcha និង Nitchan ដើម្បីអត្ថាធិប្យាយព័ត៌មានជំនួនអ្នកនិយាយព័ត៌មានជាមនុស្ស។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសថៃ មានអ្នករាយការណ៍ព័ត៌មាន ជាបញ្ញាសិប្បនិម្មិត (AI)។ នារីទាំងពីរនឹងចាប់ផ្តើមអត្ថាធិប្បាយព័ត៌មានលើទូរទស្សន៍ ចាប់ពីថ្ងៃទី ១ ខែមេសាតទៅ។
លោកស្រី Apirawee Pichayadecha នាយកគ្រប់គ្រងរបស់ទូរទស្សន៍ Nation TV បាននិយាយថា “បច្ចេកវិទ្យា AI ត្រូវបានអនុម័តនៅក្នុងអាជីវកម្ម និងឧស្សាហកម្មមួយចំនួន រួមទាំងទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ» ។
លោកស្រីបានលើកឡើងពីជោគជ័យរបស់ទីភ្នាក់ងារព័ត៌មាននៅប្រទេសចិន និងឥណ្ឌា ដែលបានប្រើ AI ការវិភាគទិន្នន័យ ដែលលោកស្រីគិតថា ធានាបាននូវការបង្ហាញព័ត៌មានលឿន និងត្រឹមត្រូវ ដល់សាធារណជន។
លោកស្រីបានបន្តថា «ក្នុងនាមជាស្ថានីយ៍ព័ត៌មានឈានមុខគេ ដែលផ្តោតលើការច្នៃប្រឌិត ទូរទស្សន៍ Nation TV 22 បានឃើញឱកាសមួយ ក្នុងការប្រើប្រាស់ AI ជំនាន់ថ្មី ដើម្បីបង្កើនសមត្ថភាពបង្ហាញព័ត៌មានរបស់យើង»។
នៅដើមខែមេសា ខាងមុខនេះ អ្នកអត្ថាធិប្បាយព័ត៌មាន AI ទាំងពីរនាក់គ្រោងនឹងបង្ហាញខ្លួនក្នុងកម្មវិធីព័ត៌មាន Nation News Alert ដែលគ្រោងចាក់ផ្សាយ ពេលរសៀល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត