VinFast ចាប់ផ្តើមលក់ឡានអគ្គិសនីជាផ្លូវការនៅឥណ្ឌូនេស៊ី
ហ្សារកាតា៖ ក្រុមហ៊ុន VinFast នៅថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមចែកចាយលក់រថយន្តអគ្គិសនី VF e34 នៅក្នុងប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការពង្រីកទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។
Read. នាយកប្រតិបត្តិក្រុមហ៊ុន VinFast ប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Tran Quoc Huy និយាយថា បន្ទាប់ពីជោគជ័យលើកដំបូងរបស់យើងនៅឯពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូនេស៊ីឆ្នាំ២០២៤ VinFast មានមោទនភាពក្នុងការនាំយករថយន្តអគ្គិសនីចង្កូតស្តាំលើកដំបូងរបស់ខ្លួនមកកាន់ទីផ្សារឥណ្ឌូនេស៊ី។ នេះជាជំហានដ៏សំខាន់មួយ សម្រាប់ផែនការពង្រីកមហិច្ឆិតារបស់យើងក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកនាយកប្រតិបត្តិការបន្ថែមថា ជាមួយនឹងរថយន្តអគ្គិសនីម៉ូដែល VF e34 ដ៏ទំនើប យើងមានគោលបំណងជួយដល់អ្នកប្រើប្រាស់ឥណ្ឌូនេស៊ី ធ្វើដំណើរឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។ រថយន្ត SUV ដ៏ឆ្លាតវៃ និងស្វាហាប់ VF e34 គ្រឿងដំបូង ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនទៅដល់ដៃអតិថិជនឥណ្ឌូនេស៊ី នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤។
បច្ចុប្បន្ន VinFast កំពុងកំណត់គោលដៅពង្រីកខ្លួនទៅកាន់ប្រទេសយ៉ាងតិច៥០ ក្នុងឆ្នាំ២០២៤។ បន្ថែមពីលើទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប VinFast ក៏កំពុងកសាងវត្តមាននៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ក៏ដូចជាតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ទន្ទឹមគ្នា VinFast ក៏កំពុងពន្លឿនការសាងសង់រោងចក្រផលិតនៅសហរដ្ឋអាមេរិក និងឥណ្ឌាផងដែរ រួមទាំងផែនការសាងសង់រោងចក្របន្ថែមនៅឥណ្ឌូនេស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
