ចិនដកទណ្ឌកម្មស្រាលើអូស្រ្តាលី
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងដកពន្ធដែលដាក់ទណ្ឌកម្មលើស្រារបស់អូស្ត្រាលី ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាងពីរ ហាក់មានភាពប្រសើរឡើងឡើងវិញ បន្ទាប់ពីជួបភាពតានតឹងអស់ជាច្រើនឆ្នាំ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមើលឃើញពីការផ្លាស់ប្តូរស្ថានភាពទីផ្សារស្រាក្នុងប្រទេសចិន ដូច្នេះវាលែងចាំបាច់ទៀតហើយ ក្នុងការដាក់ពន្ធប្រឆាំងការបង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធនលើការនាំចូលស្រាដែលពាក់ព័ន្ធ ដែលមានប្រភពមកពីប្រទេសអូស្ត្រាលី។
ក្រសួងបន្ថែមថា ពន្ធនេះនឹងត្រូវដកចេញគិតចាប់ពីថ្ងៃសុក្រទី២៩ ខែមីនានេះតទៅ។ ទន្ទឹមគ្នា អូស្ត្រាលីបានបង្ហាញការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ភាគីចិន ក្នុងការដកពន្ធប្រឆាំងការបង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធនលើស្រារបស់អូស្ត្រាលី។
ចិនបានដាក់ពន្ធលើការនាំចេញសំខាន់ៗរបស់អូស្ត្រាលី ដូចជាស្រា ស្រូវសាលី និងសាច់គោក្នុងឆ្នាំ២០២០ បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអនុម័តច្បាប់ប្រឆាំងនឹងឥទ្ធិពលពីក្រៅប្រទេស ដោយបានរារាំងក្រុមហ៊ុនចិន Huawei ពីកិច្ចសន្យាបច្ចេកវិទ្យា 5G និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតប្រភពដើមនៃជំងឺរាតត្បាត Covid-19។
ប៉ុន្តែការរឹតបន្តឹងពាណិជ្ជកម្មបានកាត់បន្ថយចាប់តាំងពីរដ្ឋាភិបាលអូស្ត្រាលីថ្មី បានឈ្នះការបោះឆ្នោតនៅឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក ពន្ធ និងរបាំងពាណិជ្ជកម្មបានធ្លាក់ចុះសម្រាប់ទំនិញមួយចំនួន រួមមានធ្យូងថ្ម ឈើ និងស្រូវសាលីរបស់អូស្ត្រាលី។
គួរបញ្ជាក់ថា ការនាំចេញស្រារបស់អូស្ត្រាលីទៅកាន់ទីផ្សារប្រទេសចិន មានតម្លៃរហូតដល់ ១.១ពាន់លានដុល្លារអូស្ត្រាលី ឬប្រហែល ៧១៣លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

