កងទ័ពជើងទឹកអែលសាល់វ៉ាឌ័ររឹបអូសគ្រឿងញៀនកូកាអ៊ីនចំនួន ១.៤៨តោន
សាន់សាល់វ៉ាឌ័រ៖ ប្រភពផ្លូវការបានរាយការណ៍ឱ្យដឹងថ្មីៗនេះថា កងទ័ពជើងទឹកជាតិនៃប្រទេសអែលសាល់វ៉ាឌ័រ រឹបអូសបានគ្រឿងប្រភេទកូកាអ៊ីនចំនួន ១.៤៨តោន នៅភាគនិរតីនៃតំបន់ Bocana el Cordoncillo ក្បែរមាត់ទន្លេ Jaltepeque ដែលនេះជាប្រតិបត្តិការកងទ័ពជើងទឹកប្រឆាំងនឹងការជួញដូរគ្រឿងញៀន។
ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានបង្ហោះសារនៅលើបណ្តាញសង្គម X ផ្លូវការរបស់គាត់ថា ថ្នាំញៀនកូកាអ៊ីនមានតម្លៃប្រហែល ៣៧លានដុល្លារ ត្រូវបានរកឃើញនៅលើទូកមួយគ្រឿង ដែលមានសមាជិកនាវិក ៩នាក់ ក្នុងនោះ ៦នាក់ជាជនជាតិអេក្វាទ័រ និង៣នាក់ទៀតជាជនជាតិក្វាតេម៉ាឡា។
គ្រឿងញៀនកូកាអ៊ីននឹងត្រូវបំផ្លាញចោល ហើយទូកមួយគ្រឿនោះនឹងប្រគល់ទៅឱ្យកងទ័ពជើងទឹកជាតិ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ចំណែកអ្នកឃាត់ខ្លួននឹងត្រូវកាត់ទោសតាមច្បាប់។
គួរបញ្ជាក់ថា អែលសាល់វ៉ាឌ័រ ក៏ដូចជាបណ្តាប្រទេសនៅអាមេរិកកណ្តាលផ្សេងទៀតដែរ គឺជាតំបន់ឆ្លងកាត់ដែលប្រើប្រាស់ដោយពួកជួញដូរគ្រឿងញៀន ដើម្បីដឹកជញ្ជូនគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់គ្រឿងញៀនកូកាអ៊ីនដ៏ធំនៅទូទាំងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


