អ្នកវិទ្យាសាស្រ្តអាហ្សង់ទីនសិក្សាពីសត្វមូស ខណៈជំងឺគ្រុនឈាមស្ទុះឡើងខ្លាំង
ឡាផ្លាតា៖ អ្នកវិទ្យាសាស្ត្រអាហ្សង់ទីនមកពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រជាតិ CONICET ដែលមានមូលដ្ឋាននៅទីក្រុង La Plata កំពុងស៊ើបអង្កេតសត្វមូសម្យ៉ាង ដោយសារតែការកើនឡើងគួរឱ្យកត់សម្គាល់ នៃជំងឺគ្រុនឈាមនៅទូទាំងប្រទេស។
លោកស្រី Maria Victoria ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រជាតិអាហ្សង់ទីន CONICET បានបញ្ជាក់ថា អ្នកស្រាវជ្រាវកំពុងធ្វើការស៊ើបអង្កេតលើសត្វមូសមួយប្រភេទ មានឈ្មោះ Yellow fever Mosquito ដែលភ្នាក់ងារចម្លងជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា និង ជំងឺគ្រុនឈីគ។
លោកស្រីបន្តថា បច្ចុប្បន្ននេះ យើងបានកត់ត្រាករណីកើតជំងឺគ្រុនឈាមរហូតដល់ ១៥០,០០០ករណីទូទាំងប្រទេស ហើយអ្នកជំងឺច្រើនជាង ១០០នាក់បានស្លាប់។ លោកស្រីបន្ថែមថា បើធៀបនឹងឆ្នាំមុន តួលេខនេះខ្ពស់ជាងមុនគួរឱ្យកត់សម្គាល់ ហើយយើងរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត។
ទោះបីជាយ៉ាងណា ដើម្បីប្រឆាំងនឹងជំងឺគ្រុនឈាម ដែលចម្លងដោយសត្វមូស Yellow fever Mosquito ឬហៅកាត់ថា Aedes Aegypti អាហ្សង់ទីនបានបង្កើតវ៉ាក់សាំង TAK-003 ដែលត្រូវបានគេស្គាល់ថា Qdengam របស់មន្ទីរពិសោធន៍ជប៉ុន Takeda។ ដូសនីមួយៗមានតម្លៃប្រហែល ៧០,០០០ប៉េសូ ឬប្រហែល ៨០ដុល្លារ)។
ជាមួយគ្នានេះ លោក Eduardo López ដែលជាវេជ្ជបណ្ឌិតជំងឺឆ្លងនៅមន្ទីរពេទ្យកុមារ Buenos Aires បានប្រាប់ប៉ុស្តិ៍ C5N ថា ការសិក្សាបង្ហាញថា វ៉ាក់សាំងនេះ មានសុវត្ថិភាព និងមានប្រសិទ្ធភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


