អ្នកស្រុកអង្គរ នៅតែជាអ្នកថែរក្សា ,អ្នកការពារអង្គរ និង ចូលរួមជួសជុលប្រាសាទជានិច្ច

ភ្នំពេញ៖ អ្នកស្រុកអង្គរនាពេលបច្ចុប្បន្ននេះគឺ នៅតែជាអ្នកជាអ្នកថែរក្សា និងការពារ អង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញ តាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៨ ខែ មីនាឆ្នាំ ២០២៤ថា ក្នុងនេះជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្ម ដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរ តែទាំងស្រុង ជាយូរមកហើយឱ្យរឹងមាំឡើងវិញ។

ទាក់ទិនក្នុងរឿងនេះលោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារ ខាងត្បូង របស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយ ចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្ម ដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។

ដោយឡែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើក ឡើង ប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទ ឱ្យត្រូវតាមទី តាំង ដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។ លោក តប់ តង បង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោកជាអ្នកទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងខិតខំប្រើជំនាញ និងទេព កោសល្យឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូង របស់ប្រាសាទ តាព្រហ្ម ដែលកំពុងដួលបាក់បែកឱ្យឈរដូចដើមវិញនៅពេលខាងមុខ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកអង្គរដែលបានចូលរួមជួសជុល ថែរក្សា ប្រាសាទបុរាណកន្លងមក អ្នកខ្លះមានវង្សត្រកូលជាអ្នកជួសជុលអង្គរ អស់ជា ច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយ ពួកគាត់សប្បាយចិត្តនឹងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សា កេរដូនតាឱ្យនៅគង់វង្សជាបន្តទៀតបន្តពីមួយជំនាន់ទៅមួយជំនាន់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner