គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ បង្កហានិភ័យរលកស៊ូណាមិ

តូក្យូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ នាំឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទាំងនៅប្រទេសជប៉ុន និងហ្វីលីពីន។

វិទ្យាស្ថានភូមិវិទ្យាអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ ៣៤.៨គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ មានកម្រិង ៧.៥រ៉ិចទ័រ។

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា រលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ ត្រូវបានគេរាយការណ៍ថា ទំនងជាកើតមានភ្លាមៗនៅឯកោះដាច់ស្រយាលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែរ។ ទូរទស្សន៍ NHK បានផ្សាយសេចក្ដីណែនាំរបស់អាជ្ញាឱ្យប្រជាជនរស់នៅក្នុងតំបន់រងផលប៉ះពាល់ជម្លៀសខ្លួន។

គួរបញ្ជាកថា កោះតៃវ៉ាន់តែងតែទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីជាប្រចាំ ដោយសារតែសណ្ឋានដីរបស់កោះនេះ ស្ថិតនៅជិតផ្លូវប្រសព្វនៃបន្ទះប្លាកែតចំនួនពីរ។

តួយ៉ាង គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័របានវាយប្រហារកោះតៃវ៉ាន់កាលពីខែកញ្ញា ឆ្នាំ១៩៩៩ បានសម្លាប់មនុស្សប្រហែល ២,៤០០នាក់ ដែលនេះជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រកោះតៃវ៉ាន់។

ដោយឡែកគ្រោះរញ្ជួយដ៏កក្រើកមួយផ្សេងទៀត ក៏ឆក់យកជីវិតមនុស្សជាង ១០០នាក់ផងដែរ ដែលបានវាយប្រហារលើតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់កាលពីឆ្នាំ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner