ព្រឹទ្ធសភា ចាប់ផ្ដើមពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ
ភ្នំពេញ៖ ព្រឹទ្ធសភា បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
ព្រឹទ្ធសភា មានសមាជិក ស្មើនឹងពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយ ព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ រួមមាន៖ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ។
ចំណែកឯសមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រួមមាន៖ ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាក់លីម ។ រីឯសមាជិក ព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតអសកល (ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង) ។
សូមរំលឹកដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដើម្បីប្រជែងកៅអីចំនួន៥៨ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ដោយឡែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ ។
តាមកម្មវិធីគ្រោងទុក បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ រួច សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ មនឹងបន្តប្រព្រឹទ្ធទៅក្រោមអធិបតីភាពប្រធានបណ្តោះអាសន្ន ដោយរបៀបវារៈនៃសម័យប្រជុំដំបូងព្រឹទ្ធសភា រួមមាន៖ ១- ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និង ២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសបានប្រធាន និងអនុប្រធានទាំងពីរ របស់ព្រឹទ្ធសភា ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា អញ្ជើញប្រធានព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ឡើងមកកាន់អាសនៈ។តមក ប្រធានព្រឹទ្ធសភានីតិកាលទី៥ អញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសទទួល ដំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងពិធីថតរូបអនុស្សាវរីយ៍ក្រោមអធិបតីភាពប្រធានព្រឹទ្ធសភា នីតិកាលទី៥ ៕
ដោយ ៖ វណ្ណលុក
