ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហការប្រតិបត្តិការប្រយុទ្ធ ប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើរត់ពន្ធ- ជួញដូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងបែបនេះ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅទីស្តីការ ក្រសួងមហាផ្ទៃ ក្នុងឱកាសឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នៅទីក្រុងដាណាំង ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង បានពាំនាំការផ្តាំផ្ញើនូវពាក្យពេចន៍ជូនពរ ប្រកបដោយអត្ថន័យពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរ និងរវាងក្រសួងទាំងពីរ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាពេលកន្លងមក ៕
ដោយ / គ្រី សម្បត្តិ




