ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រពលដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ សមត្ថកិច្ច តាមបណ្ដារាជធានីខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យសង្ក្រាន្តនៅតាមគ្រប់តំបន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលខាងមុខ ។
ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់នៅសប្ដាហ៍ក្រោយនេះ ដូចនេះស្នងការនគរបាលរាជធានី ខេត្ត ត្រូវត្រៀមនូវកម្លាំងការពារសន្តិសុខ ពិសេសនគរបាលសម្រួលចរាចរណ៍ ព្រោះនៅមុនពេលពិធីបុណ្យ ប្រជាពលរដ្ឋនឹងធ្វើដំណើរទៅស្រុកកំណើនច្រើន ហើយត្រូវយកឱកាសនោះ អប់រំផ្សព្វផ្សាយបន្ថែមច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
ឯកឧត្តមបន្តថា មួយវិញទៀត នៅទីតាំងរៀបចំពិធីសង្ក្រាន្ត តាមវត្តអារាម សាលារៀន តាមរមណីយដ្ឋានទេសចរណ៍ ពិធីបុណ្យចូលឆ្នាំជាដើម ត្រូវពង្រឹងនូវសុត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដើម្បីពួកគេបានដើរលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានភាពកក់ក្ដៅ ។
ពាក់ព័ន្ធប្រកាសស្តីពី បទវិន័យនគរបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានផ្តួចផ្តើមគំនិត ដោយសហការជាមួយអង្គភាព ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំប្រកាសនេះឡើង ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិឱ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ។
ជាមួយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និងផ្តាំផ្ញើអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះ បន្តដល់មន្ត្រីនគរបាលក្រោមឱវាទ និងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់, បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលប្រកាសនេះ ទៅក្នុងកម្មវិធីសិក្សា សម្រាប់វគ្គបណ្តុះបណ្តាលគ្រប់កម្រិត, អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវរៀបចំកិច្ចប្រជុំតាមដានការអនុវត្តប្រកាសនេះ ជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ជារៀងរាល់៣ខែម្ដងឱ្យទៀងទាត់ ហើយត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផលិតវីដេអូឃ្លីបផ្សព្វផ្សាយ ស្តីពីការពង្រឹងវិន័យ ការស្លៀកពាក់ឯកសណ្ឋាន និងការគោរពគំនាប់របស់កងកម្លាំងនគរបាលជាតិ ។
គួរបញ្ជាក់ថា ប្រកាសនេះ ជំនួសបទវិន័យ នគរបាលជាតិលេខ ០០៦ ដែលបានបង្កើតឡើង រហូតមកដល់ពេលនេះ មានរយៈពេលជាង២៨ឆ្នាំមកហើយ និងម៉្យាងទៀតការចេញប្រកាសដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពបង្ហាញអំពីការធ្វើកំណែទម្រង់ ផ្នែកកងកម្លាំង នគរបាលជាតិ របស់ក្រសួងមហាផ្ទៃបន្ថែមទៀត ដោយបានកំណត់នូវបទប្បញ្ញត្តិនិងវិធានថ្មីៗ ដើម្បីឆ្លើយតប ទៅនឹងការវិវឌ្ឍរបស់សង្គមជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ៕
ដោយ / គ្រី សម្បត្តិ





