ជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ លុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ
តូក្យូ៖ ជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ បានសម្រេចលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិវិញ នៅថ្ងៃពុធនេះ ដោយប្រទេសជប៉ុនបានអនុញ្ញាតឱ្យបើកដំណើរការអាកាសយានដ្ឋានឡើងវិញនៅកោះអូគីណាវ៉ា ជាកន្លែងដែលជើងហោះហើរជាច្រើនត្រូវបានផ្អាក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងវាយប្រហារកោះតៃវ៉ាន់។
ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីហ្វីលីពីន បានលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ នៅភាគខាងជើងនៃប្រទេសវិញហើយ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយវាយប្រហារកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធនេះ។

ទីភ្នាក់ងារនេះបានគូសបញ្ជាក់ថា ផ្អែកលើព័ត៌មានដែលទទួលបានពីស្ថានីយតាមដានកម្រិតទឹកសមុទ្ររបស់យើង មិនមានរលកទឹកសមុទ្រគ្រោះថ្នាក់ណាមួយត្រូវបានកត់ត្រានោះទេ ចាប់តាំងពីម៉ោង៧៖៥៨នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ជាហេតុជំរុញឱ្យមានការសម្រេចចិត្តលុបចោលការប្រកាសអាសន្ននេះ។
បើតាមការបញ្ជាក់របស់វិទ្យាស្ថានភូមិវិទ្យាអាមេរិក (USGS) គ្រោះរញ្ជួយដីក្នុងកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ ៣៤.៨គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៧.៥រ៉ិចទ័រ៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា