សម្តេចតេជោ ហ៊ុន សែន ៖ ៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះអាយុ ៧២ឆ្នាំ មកដឹកនាំព្រឹទ្ធសភា ខណៈអាយុ ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី ៥៤ឆ្នាំមុន ចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា ខណៈកាលពីអាយុ ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី ពេលនេះ អាយុ ៧២ឆ្នាំ ក្លាយជាប្រធានព្រឹទ្ធសភា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញកាន់តំណែង ជាប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការគាប់ជួន ៥៤ ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំ គម្រោងលួចលាក់ខោអាវ ចូលទៅព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយនៅពេលដែលខ្ញុំ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងវ័យ ៣២ឆ្នាំ ដោយឡែកថ្ងៃនេះ ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងវ័យ ៧២ឆ្នាំ គាប់ជួនមានលេខ២នៅខាងចុង ។

សម្តេចតេជោ បានថ្លែងបន្តថា ក្នុងនាមជាប្រធានព្រឹទ្ធសភា ទូលបង្គំខ្ញុំ សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួម ជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួន ប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា ។

សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា យើងនឹងការពារ យ៉ាងមុតមាំ នូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាន នូវឯកភាពជាតិ និងសាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រទេសជាតិយើង ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner