មូលនិធិសានអុីចូលរួមបង្កើនសកម្មភាពបោសសម្អាតមីន នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងស្មារតីរួមចំណែកជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានCMAC លោកស្រី Song Ximei តំណាងមូលនិធិ SAN YI បានដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។

តំណាងមូលនិធិ SAN YI លោកស្រី Song Ximei បានថ្លែងនូវការកោតសរសើរចំពោះសមិទ្ធផលរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះដែលCMACសម្រេចបាន ហើយលោកស្រីក៏បានរំលេចពីមូលនិធិ San Yi ដែលបានចូលរួមជាមួយបណ្តាសង្គមស៊ីវិលនានាក្នុងបណ្តាប្រទេសជាច្រើនដើម្បីចែករំលែកនូវសេចក្តីស្រឡាញ់ពីប្រជាជនចិនដល់ប្រជាជននានានៅលើពិភពលោក។ បន្ថែមពីលើនេះ ក្រោយពីបានទស្សនកិច្ចនៅប្រតិបត្តិការរបស់ក្រុមការងារCMACនៅចំការមីនស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោកស្រីក៏បានថ្លែងនូវសេចក្តីរំភើបចំពោះវីរភាពក្នុងការបោសសម្អាតមីន និងរួមចំណែករំដោះដីធ្លីជូនដល់ប្រជាជនកម្ពុជាយកមកប្រើប្រាស់ជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍជាតិ។

ក្នុងនាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមូលនិធិមូលនិធិ San Yi ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បន្ថែមពីលេីនេះ ឯកឧត្ដម ក៏បានជម្រាបជូនផងដែរពីសាវតារ ម្ចាស់ជំនួយនានា ជាពិសេសរដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ហើយជំនួយនេះត្រូវបានអនុម័តជាផ្លូវការនៅចុងខែមីនាកន្លងមកនេះ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner