ត្រៀមទទួលភ្ញៀវ៖ ផ្លូវឡើងភ្នំគិរីរម្យត្រូវបានជួសជុល និងពង្រីក បន្ថែម
កំពង់ស្ពឺ៖ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កំពង់ស្ពឺកំពុងមមាញឹកក្នុងការជួសជុលនិងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រនិងក្រាលកៅស៊ូ២ស្រទាប់ (DBST)ដែលជាផ្លូវធ្វើដំណើរឡើងទៅរមណីយដ្ឋានភ្នំគិរីរម្យស្ថិតនៅ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សកម្មភាពនេះ ក្នុង គោលបំណងសម្រួលដល់ការធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺបានឱ្យដឹងកាលពីព្រឹកថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤ នេះថា ដោយមានការណែនាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន,ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ផ្លូវមួយខ្សែនេះត្រូវបាន ជួស ជុលនិងពង្រីកតួផ្លូវឱ្យបានធំជាងមុន។នេះក៏ព្រោះតែតម្រូវ ការចាំបាច់ ដោយសារ កំណើនទេសចរដែលមកលម្ហែ នៅ លើ ភ្នំគីរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ) ពីមួយឆ្នាំ ទៅមួយឆ្នាំ កាន់តែច្រើនឡើងៗ ។ពិសេសក្នុងឱកាសបុណ្យឆ្នាំ ថ្មីខាងមុខ។
លោកប្រធានមន្ទីរបន្តថា ផ្លូវមួយខ្សែនេះមានប្រវែង ២៧ គីឡូ ម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ រហូតដល់លើភ្នំ ។បច្ចុប្បន្ន មន្ទីរបានថែទាំជាប្រចាំនិងជួសជុលរួចមានប្រវែងជាង១០គីឡូម៉ែត្រហើយ។ខណៈនេះមន្ទីរកំពុងពន្លឿនការជួសជុល បន្តឱ្យ បានមុនបុណ្យចូលឆ្នាំប្រពៃណីជាតិ ។
ការជួសជុលផ្លូវមួយខ្សែនេះក៏ជួបឧបសគ្គជាច្រើន។លោក ប្រធានមន្ទីរបានលើកឡើងពីផលវិបាកខ្លះដោយសារតែស្ថានភាព ផ្លូវឡើងភ្នំ និងមានផ្លូវបត់បែនជាច្រើនកន្លែង ដែលគ្រឿង ចក្រខ្លះមិនអាចប្រើបច្ចេកទេសដូចផ្លូវលាតស្មើបាន។
គួររំលឹកថា ផ្លូវមួយខ្សែនេះបានបន្សល់ទុកតាំងពីសម័យ សង្គម រាស្ត្រនិយម ៕
អត្ថបទនិងរូបភាព៖ម៉ុន សំអាត