ស្ថាប័នរដ្ឋថាវិស័យសំណង់ងើបឡើង តែខាងឯកជនថា នៅគាំង
ភ្នំពេញ៖របាយការណ៍ចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពីការងើបឡើងវិញនៃវិស័យសំណង់ក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២៤នេះ ដោយមានជិត ៥៤០គម្រោងដែលត្រូវបានអនុញ្ញាតឱ្យធ្វើការសាងសង់។
យោងតាមរបាយការណ៍បានបង្ហាញថា គម្រោងភាគច្រើនគឺសំណង់លំនៅឋាន ដែលមានរហូតដល់ជិត ៤៥០ គម្រោង ក្នុងនោះដែរ បុរីមានចំនួន ៤២០ គម្រោង និងខុនដូមាន ២៩គម្រោង ។ ក្រៅពីនេះ មានគម្រោងសំណង់ឧស្សាហកម្ម ៣៣ គម្រោង សំណង់ពាណិជ្ជកម្មចំនួន ៣៣ គម្រោង សំណង់ទេសចរណ៍មាន៨ គម្រោង និងសំណង់សាធារណៈមានំនួន១៦គម្រោង ។
សម្រាប់ខែកុម្ភៈតែមួយ ទទួលបានគម្រោងវិនិយោគចំនួនជិត ២៧០ គម្រោង មានទុន ប្រមាណជាង៣០០ លានដុល្លារ បើប្រៀបធៀបនឹងខែមករា មានការកើនឡើងជិត ២ភាគរយ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong និងជាអ្នកជំនាញអចលនទ្រព្យ មើលឃើញថា គម្រោងដែលបានស្នើសុំ និងទទួលបានការអនុញ្ញាត មានការកើនឡើងក៏ពិតមែន ប៉ុន្តែការសាងសង់ជាក់ស្តែងមានល្បឿនយឺត។ ល្បឿនយឺត ដោយសារតម្រូវការមានការថមថយ។ លោករំពឹងថា វិស័យនេះនឹងអាចចាប់ផ្តើមស្ទុះឡើងវិញនៅអំឡុងឆ្នាំ២០២៦។
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លើកឡើងថា និយ័តករអាជីវកម្មអចលនទ្រព្យ គួរតែពិនិត្យមើលឱ្យច្បាស់មុននឹងសម្រេចចុះបញ្ជីឱ្យក្រុមហ៊ុនវិនិយោគសាងសង់លំនៅឋាន ឬអគារផ្សេងៗ ព្រោះនៅពេលដែលក្រុមហ៊ុនទាំងអស់នេះ អភិវឌ្ឍមិនជោគជ័យបង្កើតជារូបភាបមិនល្អ អាចជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ និងសំណង់ ដែលធ្វើឱ្យអ្នកវិនិយោគិនបរទេសខ្លាចរអា។ លោកមានសុទិដ្ឋិនិយមថា ការសាងសង់ថ្មី មិនប្រាកដថា ទីផ្សារល្អនោះទេ៕
ដោយ៖លោក អ៊ិច ណែត
