រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ធ្វើឱ្យគ្រូបង្រៀនមួយចំនួនអាចបាត់ការងារធ្វើ

ភ្នំពេញ៖នៅចំពោះមុខនៃការវិវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញពីក្តីកង្វល់ថា ការប្រើប្រាស់AI ធ្វើឱ្យគ្រូមួយចំនួនអាចបាត់ការងារធ្វើ ពោលគឺត្រូវជំនួសដោយម៉ាស៊ីន។
ក្នុងបឋមកថាពិសេសក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត និងការអប់រំនៅកម្ពុជា” របស់ឯកឧត្តម ហង់ជួន ណារ៉ុន ដែលក្រសួងអប់រំទើបបង្ហោះលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ការប្រើប្រាស់ AI ដោយគ្មានការត្រួតពិនិត្យនាំឱ្យមានផលអវិជ្ជមាន ជាពិសេសនៅចំពេលការសិក្សាបច្ចេកវិទ្យាស្ទែមនៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។
សម្រង់សម្តី៖ « នេះគឺជាបញ្ហាបច្ចេកវិទ្យាគឺល្អហើយតែសួរថាអ្នកទាំងអស់គ្នាមិនអាចទៅទាំងអស់គ្នាបានទេ មានអ្នកទៅមុន ,មានអ្នកទៅក្រោយ តើត្រូវដោះស្រាយយ៉ាងម៉េច ?ពឹងផ្អែកលើ AI ហើយ AI អត់មានបេះដូងផង ។បើសិនជាយើងជួយខ្លួនឯងអត់បាន ។ចឹងវានឹងបង្កើតវិសមភាពក្នុងប្រព័ន្ធអប់រំ »។
បន្ថែមពីលើនេះទៀត ឯកឧត្តម ណារ៉ុន សង្កត់ធ្ងន់ថា កម្រិតចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យារបស់គ្រូ និង សិស្ស នៅតែជាបញ្ហាប្រឈមដ៏ធំ ខណៈសាលាតាមទីជនបទនៅមិនទាន់អាចប្រើប្រាស់ AI បាននៅឡើយ ហើយសូម្បីតែការប្រើប្រាស់អ៊ីនធើណែតក៏នៅមានកម្រិត។លោកបន្ថែមថា ហើយបច្ចេកវិទ្យានេះសោតក៏ធ្វើឱ្យមានគម្លាតរវាងឪពុកម្តាយ និងគ្រួសារផងដែរ។
វេទិកាសេដ្ឋកិច្ចពិភពលោកបានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោកបញ្ញាសិប្បនិម្មិតឬ AI នឹងជំនួសការងារមនុស្សប្រហែល៨៥លាននៅឆ្នាំ២០២៥ ។ តួនាទីបញ្ចូលទិន្នន័យ គណនេយ្យ និងជំនួយផ្នែករដ្ឋបាលប៉ះពាល់ខ្លាំងជាងគេដោយសារស្វ័យប្រវត្តិកម្មនៅកន្លែងធ្វើការកើនឡើង។ ទន្ទឹមនឹងនោះបដិវត្តន៍មនុស្សយន្តក៏នឹងបង្កើតការងារថ្មីចំនួន៩៧លានផងដែរ។ ប៉ុន្តែពុំទាន់មានការស្រាវជ្រាវណាមួយបញ្ជាក់ពីការងារគ្រូបង្រៀនដែលត្រូវបាត់បង់ដោយសារតែ AI នៅឡើយ។
យ៉ាងណាក៏ដោយ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ទូរទស្សន៍អប្សរាថាដើម្បីដោះស្រាយបញ្ហាប្រឈមក្រសួងបាននិងកំពុងលើកកម្ពស់វិធីសាស្រ្តបង្រៀនថ្មីនិងបំពាក់សម្ភារៈបច្ចេកវិទ្យានៅតាមសាលារៀន ។លោកជំទាវបន្ថែមថាក្រសួងមានគម្រោងបញ្ជូនគ្រូឧទ្ទេសក្នុងមួយឆ្នាំពី៣០ទៅ៤០នាក់ទៅសិក្សានៅប្រទសសិង្ហបុរី។
សម្រាប់លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) មើលឃើញថា ដើម្បីឲ្យគ្រូ និងសិស្សដើរទាន់បច្ចេកវិទ្យាថ្មី សាលាមិនគួរហាមសិស្សដាច់ខាតមិនឱ្យប្រើទូរស័ព្ទនោះទេ ព្រោះការប្រើបច្ចេកវិទ្យាមិនអាចកាត់ផ្តាច់ទាំងស្រុងពីទូរស័ព្ទ ហើយក្រសួងអប់រំគួរឱ្យកំណត់ម៉ោងការប្រើប្រាស់ទូរស័ព្ទដល់សិស្ស ហើយគ្រូឱ្យបានត្រឹមត្រូវ៕
ដោយ៖សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner