ហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា

ម៉ានីល៖ ប្រភពការទូតពីរបានប្រាប់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។

សមយុទ្ធយោធាជើងនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ពោលប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង ជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន។ ប្រភពការទូតបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែសមយុទ្ធនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

ប៉ុន្តែកាលពីដើមសប្តាហ៍នេះ នាវាចម្បាំងអូស្ត្រាលី HMAS Warramunga បានមកដល់ខេត្តកោះ Palawan របស់ប្រទេសហ្វីលីពីន។ យោធាហ្វីលីពីនបាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺសំដៅពង្រឹងទំនាក់ទំនងយោធាជាមួយប្រទេសជាដៃគូ។

រីឯកិច្ចប្រជុំកំពូលដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែមេសាខាងមុខ របស់លោក បៃដិន ជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅសេតវិមាន នឹងក្លាយជាកិច្ចប្រជុំចុងក្រោយបង្អស់ជាមួយមេដឹកនាំដៃគូអាស៊ីប៉ាស៊ីហ្វិក។

លោក បៃដិន ក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែក ជាមួយលោក ម៉ាកូស និងលោក គីស៊ីដា ផងដែរ។ បើតាមប្រភពការទូតមួយបានប្រាប់សារព័ត៌មាន AFP ថា ការល្បាតរួមគ្នារវាងឆ្មាំឆ្នេរសមុទ្រអាមេរិក ជប៉ុន និងហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីការធ្វើសមយុទ្ធរួមគ្នា ដែលត្រូវបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner