ប្រធានាធិបតីកូរ៉េខាងត្បូងបោះឆ្នោតសភា មុនកាលកំណត់

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន សុក យេល (Yoon Suk Yeol) បានអញ្ជើញទៅបោះឆ្នោត អំឡុងពេលបោះឆ្នោតដំបូង នៅការិយាល័យបោះឆ្នោត នៅទីក្រុងប៊ូសាន ដោយគេដឹងថា ការបោះឆ្នោតមុនកាលកំណត់នេះ រៀបចំឡើងនៅមុនពេលដែលការបោះឆ្នោតសភា ត្រូវធ្វើឡើង នៅសប្តាហ៍ក្រោយ។

យោងតាមអ្នកស្ទង់មតិមួយចំនួនបានឱ្យដឹងថា ប្រជាប្រិយភាពរបស់មេដឹកនាំកូរ៉េខាងត្បូង តំណាងឲ្យគណបក្សអំណាចប្រជាជន ឬ គណបក្ស PPP រូបនេះ បានធ្លាក់ចុះក្រោម ៤០ ភាគរយក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ដែលជំរុញដោយរឿងអាស្រូវមួយចំនួន ព្រមទាំងការមិនពេញចិត្តរបស់អ្នកបោះឆ្នោត ចំពោះការកើនឡើងនៃអតិផរណា។

កាលពីថ្ងៃព្រហស្បតិ៍ លោក យុន (Yoon) បានជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា ដោយលោកបានចាត់ទុកថាជា «ការអនុវត្តសិទ្ធិ និងការទទួលខុសត្រូវ»។

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា លោកប្រធានាធិបតី យុន (Yoon) និង អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាង១១ភាគរយទៀត ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប បានទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតជាង ៣៥០០កន្លែង នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៣ រសៀល ថ្ងៃសុក្រ។ ការបោះឆ្នោតមុនកាលកំណត់នេះបន្តរៀបចំ រហូតដល់ថ្ងៃសៅរ៍ ខណៈដែលការបោះឆ្នោតសភានឹងធ្វើឡើង នៅថ្ងៃទី១០ ខែមេសា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner