ពលករខ្មែរ២០ម៉ឺននាក់សម្រុកចូលស្រុក ត្រៀមជួបគ្នាថ្ងៃសង្ក្រាន្ត

ភ្នំពេញ៖ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំនេះ នឹងស្វាគមន៍ពលករខ្មែររាប់ម៉ឺននាក់ដែលខ្លះកំពុងធ្វើដំណើរ និងខ្លះត្រៀមខ្លួនវិលចូលស្រុកវិញដើម្បីជួបជុំគ្រួសារដ៏ធំបំផុតប្រចាំឆ្នាំ។ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ទូរទស្សន៍អប្សរាថា អាចមានពលករខ្មែររហូតដល់២០ម៉ឺននាក់ ឬយ៉ាងហោចណាស់ជាង១០ម៉ឺននាក់ត្រឡប់ពីប្រទេសថៃ ,កូរ៉េខាងត្បូង និងជប៉ុនចូលមកខ្មែរវិញនៅសប្តាហ៍នេះ មុនថ្ងៃមហាសង្ក្រាន្ត ទី១៣ ដល់១៦ ខែមេសា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កាលពីឆ្នាំមុនៗ ពលករខ្មែរនៅបរទេសដែលមកប្រារព្ធពិធីប្រពៃណីនេះនៅស្រុកខ្មែរ មានចំនួនប្រហែល៦ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែ កំណើនទ្វេដងនៅឆ្នាំនេះ មួយផ្នែកដោយសារតែមានការលើកលែងការបង់ថ្លៃទិដ្ឋាការចេញ-ចូល មានការសម្របសម្រួលឯកសារបានល្អប្រសើរ និងមានមធ្យោបាយដឹកជញ្ជូនទៅតាមបណ្តាខេត្តក្រុងនានាដោយឥតគិតថ្លៃទៅទៀត។

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃកំពុងនាំមុខគេក្នុងចំណោមអ្នកវិលចូលស្រុក។ របាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមេសា​ ឆ្នាំ ២០២៤ មានពលករកម្ពុជា វិលត្រឡប់មកស្រុកតាមច្រកទ្វារព្រំដែនកម្ពុជា ថៃ ក្នុងមួយថ្ងៃមានប្រមាណមួយម៉ឺននាក់ ច្រើនជាងពលករមកពីប្រទេសផ្សេងៗ។

លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យទូរទស្សន៍អប្សរាដឹង ខេត្តបន្ទាយមានជ័យ មានច្រកទ្វារឆ្លងដែនចំនួន ៤ ហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានពលករខ្មែរចូលមកច្រើនជាងគេ។ ការចំណាយលើថ្លៃទិដ្ឋាការត្រូវបានលើកលែងសម្រាប់ពលករខ្មែរ ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះនៅលើបណ្តាញសង្គមថា ពលករត្រូវចាយលុយ ១០០បាត ឬប្រហែលនឹង១២ ០០០រៀល។ ប៉ុន្តែ ក្នុងបទសម្ភាសជាមួយទូរទស្សន៍អប្សរា លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានច្រានចោល ហើយថាវារឿងមិនពិត។

លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ ស្នើឱ្យមានការណែនាំមន្ត្រីនៅតាមព្រំដែនមិនត្រូវយកលុយយកពលករដើម្បីជាការលើកទឹកចិត្តដល់ពួកគេ ដែលយូរៗម្តងទើបបានមកលែងស្រុកកំណើត។ 

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសចំនួនជាង ១,៣លាននាក់។ ក្នុងនោះគ្រាន់តែប្រទេសថៃមួយមានចំនួន១,២៥លាននាក់,នៅកូរ៉េខាងត្បូងពីរម៉ឺននាក់,នៅជប៉ុននិងនៅតាមបណ្តាប្រទេសផ្សេងៗទៀតបីម៉ឺននាក់។  ពួកគេជាប្រភពចំណូលដ៏សំខាន់ដែលជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារផងនិងសង្គមកជាតិផង ដោយក្នុងមួយឆ្នាំ ពួកគេបានផ្ញើប្រាក់ចូលស្រុកប្រមាណជាង ២,៩ពាន់លាន ដុល្លារអាមេរិក៕​

អត្ថបទ៖ ឃួន សុភ័ក្រ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner