ទូតតួកគីស្នើសុំកម្ពុជា គាំទ្រតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងគាំទ្រគំនិត ផ្តួចផ្តើម របស់មូលនិធិ Maarif Foundation រួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
ភ្នំពេញ៖ ទូតតួកគី ស្នើសុំកម្ពុជា គាំទ្រតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងគាំទ្រគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif Foundation នៅក្នុងការរួមចំណែកអភិវឌ្ឍស័យអប់រំនៅកម្ពុជា ។ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំ កម្ពុជា បានស្នើដូច្នេះ ក្នុងឱកាសដែលឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ។
លោកជំទាវឯកអគ្គរដ្ឋទូត បានសំដែងការអបអរសាទរជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា និងបានសម្តែងនូវការចូលរួមរំលែកទុក្ខ ចំពោះឧបទ្ទវហេតុថ្មីៗនេះ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតនាយទាហាន និងពលទាហានរបស់កម្ពុជាមួយចំនួន និងសូមបន់ស្រន់ឱ្យអ្នកដែលរងរបួសឆាប់បានជាសះស្បើយឡើងវិញ ។
លោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ព្រឹទ្ធសភា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា ជាពិសេស ឯកឧត្តម ប្រាក់ សុខុន ផ្ទាល់ និងសហការី ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលក្នុងនោះ លោកជំទាវ បានកត់សម្គាល់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការរវាងតួកគីនិងកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។
ជាការឆ្លើយតប ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជានិងតួកគី មានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាមួយគ្នា។ ឯកឧត្តមក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកជំទាវឯកអគ្គរដ្ឋទូត ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ដែលជំនួបទាំងពីរនេះ បានរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ។
ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីគោលដៅអាទិភាពរបស់ សម្តេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភា គឺសម្តេចចង់ប្រែក្លាយស្ថាប័នព្រឹទ្ធសភាឲ្យក្លាយជាសភាការទូតដ៏សកម្ម។ ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តម សង្ឈឹមថាស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-តួកគីនឹងមានសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ។
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាប ឯកឧត្តមអនុប្រធានទី១ ថា ស្ថានទូតតួកគីប្រចាំកម្ពុជាគ្រោងនឹងរៀបចំពិពណ៌រូបភាពឯកសារ និងរូបភាពនៃសកម្មភាព ទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៩មកដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្តនិងអំណរសាទរ ចំពោះការបើកការិយាល័យពាណិជ្ជកម្ម និងមជ្ឈមណ្ឌលវប្បធម៌តួកគី នៅកម្ពុជា។ ម្យ៉ាងទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគី មកកម្ពុជា។ លោកជំទាវសង្ឃឹមថាជើងហោះហើរនេះនឹងជួយឲ្យការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែ មានភាពងាយស្រួល និងពង្រីកកំណើនទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកជំទាវក៏បានសម្តែងការអរគុណចំពោះសភាកម្ពុជា ដែលបានគាំទ្រតួកគីចូលជាអ្នកសង្កេតការណ៍របស់អាយប៉ាកន្លងមក។ ជាមួយគ្នានេះ លោកជំទាវ បានស្នើសុំកម្ពុជា គាំទ្រតួកគីជាដៃគូពិភាក្សា (Dialogue Partner) របស់អាស៊ាន និងគាំទ្រគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif Foundation នៅក្នុងការរួមចំណែកអភិវឌ្ឍស័យអប់រំនៅកម្ពុជា ។ Maarif Foundation គឺជាមូលនិធិមិនសំដៅប្រាក់ចំណេញដែលយកចិត្តទុកដាក់លើការកសាងគ្រឹះស្ថានអប់រំនៅបរទេស ហើយមូលនិធិនេះក៏មានការផ្តល់អាហាររូបករណ៍តាមសកលវិទ្យាល័យផងដែរ ។
ឯកឧត្តម ប្រាក់ សុខុន បានជម្រាបលោកជំទាវថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif និងគាំទ្រប្រទេសតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងបានសម្តែងការជឿជាក់ថា ឯកឧត្តមប្រធានសភាតួកគីនឹងអញ្ជើញចូលរួមវេទិកាអត់ឱន និងសន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នៅកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




