កូរ៉េខាងត្បូងពិចារណាចូលរួមជាមួយសម្ព័នភាព AUKUS
សេអ៊ូល៖ ប្រមុខការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃពុធនេះថ្លែងថា ប្រទេសរបស់លោកកំពុងពិភាក្សាយ៉ាងសកម្ម អំពីការចូលរួមនៅក្នុងកតិកាសញ្ញាបច្ចេកវិទ្យាការពារជាតិរវាងប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំថ្ងៃនេះ យើងក៏បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការចាប់ដៃគូជាមួយសម្ព័នភាព AUKUS ដែលផ្តោតលើសសរស្តម្ភទីពីរ នោះគឺកិច្ចព្រមព្រៀងដែលផ្តោតលើការអភិវឌ្ឍអាវុធល្បឿនលឿន, យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។

លោក Shin បានគូសបញ្ជាក់ថា យើងស្វាគមន៍ដែលសមាជិក AUKUS កំពុងពិចារណាចាត់ទុកប្រទេសកូរ៉េជាដៃគូររបស់ AUKUS។ សមត្ថភាពការពារជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កូរ៉េនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាព ក៏ដូចជាការអភិវឌ្ឍនៃសសរស្តម្ភទីពីររបស់ AUKUS។ លោក Shin បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី និងកូរ៉េខាងត្បូង នៅក្នុងទីក្រុង Melbourne។
សម្ព័ន្ធភាព AUKUS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ក្នុងនោះមានអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ជាមួយនឹងសរស្តម្ភសំខាន់ៗចំនួនពីរ ក្នុងនោះទី១. មានគោលបំណងផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ទី២.ផ្តោតលើការអភិវឌ្ឍសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាមកម្រិតខ្ពស់ ដូចជាបញ្ញាសិប្បនិម្មិត AI, យន្តហោះគ្មានមនុស្សបើកនៅក្រោមសមុទ្រ និងមីស៊ីលល្បឿនលឿនជាងសំឡេង។ ប្រទេសទាំងបីក៏បានអះអាងដែរថា ពួកគេបើកចំហសម្រាប់ដៃគូផ្សេងទៀតដែលចង់ចូលរួម ខណៈដែលជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ បាននិយាយថា ពួកគេកំពុងពិចារណា៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា